Home / ព័ត៌មានទូទៅ / ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៧ ខេត្ដព្រះសីហនុ

ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៧ ខេត្ដព្រះសីហនុ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ២រោជ ខែមិគសិរ ឆ្នាំរកា ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ គ.ស២០១៧ មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ  ក្រោមប្រធានបទ ” កម្ពុជាបេជ្ញាឆ្ពោះទៅសម្រេចបាននូវគោលដៅសូន្យបី ៩៥,៩៥,៩៥ នៅឆ្នាំ២០២៥” ក្រោមអធិបតីភាពឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស ទាំងអ្នកផ្ទុកជំងឺអេដស៍ចូលរួមផងដែរ ។

លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះ សីហនុបានឱ្យដឹងថា ខេត្តព្រះសីហនុ បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ធ្នូ ហើយទិវានេះបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដោយឡែកនៅកម្ពុជាជាលើកទី២៥ ដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋរងគ្រោះដោយសារការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ។

redcross

បច្ចុប្បន្នអត្រាផ្ទុះមេរោគអេដស៍នៅកម្ពុជា ក្នុងចំណោមប្រជាពលរដ្ឋមានអាយុចាប់ពី១៥ ទៅ ៤៥ឆ្នាំមានប្រមាណ ០,៦ភាគរយ នៅឆ្នាំ២០១៧ ហើយអ្នករស់នៅជាមួយមេរោគអេដស៍អេដស៍មានប្រមាណ ៧០,៤៨៩នាក់ ហើយអត្រាឆ្លងថ្មីនៅបន្តមាននៅឡើយ គឺប្រមាណ ៦០០នាក់ នៅឆ្នាំ២០១៦ ។ សម្រាប់ខេត្តព្រះសីហនុ ការផ្តល់សេវា និងការទទួលសេវាព្យាបាលជំងឺអេដស៍នៅត្រឹមត្រីមាសទី៣ ឆ្នាំ២០១៧ មានចំនួន ១,៨៤២នាក់ ស្រី ៩៨៩នាក់ និងកុមារ ១០៧នាក់ កុមារី ៤៩នាក់ ។
លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានបន្តថា ការងារប្រយុទ្ធនឹងជំងឺអេដស៍ មន្ទីសុខា ភិបាល មិនអាចធ្វើតែម្នាក់ឯងបានទេ គឺត្រូវចាប់ផ្តើមពីយើងទាំងអស់គ្នា និងមានការចូលរួមពីអង្គការសង្គមស៊ីវិលផងដែរ ។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមន្ទីរសុខា ភិបាលនៅតែបន្តរួមគ្នាបំពេញតួនាទីជាអ្នកដឹកនាំគ្រប់គ្រងសម្របបសម្រួលការអនុវត្តសេចក្តីសម្រេចពាក្យ ស្លោក ” កម្ពុជាបេជ្ញាឆ្ពោះទៅសម្រេចបាននូវគោលដៅសូន្យបី ៩៥,៩៥,៩៥ នៅឆ្នាំ២០២៥ ” ឱ្យទទួលបានជោគជ័យ ។

ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការប្រយុទ្ធនឹងជំងឺអេដស៍ គឺនៅតែជាចំណុចអាទិភាពខ្ពស់ ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ កម្ពុជាបានបង្ហាញច្បាស់អំពីការប្តេជ្ញាចិត្ត ក្នុងការលុបបំបាត់ជំងឺអេដស៍នៅត្រឹមឆ្នាំ២០២៥តែប៉ុណ្ណោះ ។ ទោះបីប្រទេសកម្ពុជាកំពុងទទួលបានជោគជ័យជាបន្តបន្ទាប់ និងបន្តឈានទៅសម្រេចឱ្យបាននូវគោលដៅសូន្យបី ឬ ៩៥,៩៥,៩៥ នាឆ្នាំ២០២៥ បន្ថែមទៀតតាមរយៈការចូលរួមឱ្យបានទូលំទូលាយ និងពហុវិស័យពីស្ថាប័នរដ្ឋាភិបាល ស្ថាប័នឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ បណ្តាញអ្នកប្រឈមខ្ពស់ និងការចម្លងមេរោគអេដស៍ ។ ក្រោមការដឹកនាំគ្រប់គ្រង និងសម្របសម្រួលប្រកបដោយការបេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។ ទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអេដស៍ ១ធ្នូ ក្នុងគោល បំណងចូលរួមជាមួយនឹងពិភពលោកទាំងមូលប៉ុណ្ណោះទេ គឺជាទិវាមួយដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋកម្ពុជា រងគ្រោះយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាង ២ទស្សវត្សកន្លងមកនេះ ដោយសារការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ និងជាការឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ ជំងឺអេដស៍លើកទីបួនសម្រាប់ឆ្នាំ២០១៥ -២០២០ ដើម្បីបំពេញសេចក្តីត្រូវការចាំបាច់ ក្នុងការពង្រីកអត្រាគ្របដណ្តប់ទៅលើភូមិសាស្ត្រ នៃក្រុមគោលដៅ និងទៅលើសេវាឱ្យបានគ្រប់ជ្រុងជ្រោយ និងឱ្យបានលឿនបំផុតតាមអ្វីដែលអាចធ្វើទៅបាន ។

ឯកឧត្តមអភិបាលរងខេត្ដបានបន្តថា ដើម្បីធានាបានចីរភាពការងារប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋានត្រូវបញ្ជ្រាបការងារប្រយុទ្ធនឹងជំងឺអេដស៍ទៅក្នុងគោលនយោបាយ គម្រោងផែនការយុទ្ធសាស្ត្រ ដោយបញ្ចូលទៅក្នុងគម្រោងផែនការសកម្មភាព និងថវិកាឱ្យបានគ្រប់ជ្រុងជ្រោយ ជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ស្រោមអនាម័យ ឱ្យកាន់តែទូលំទូលាយ គឺជាមធ្យោបាយមួយប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតក្នុងការបង្ការ ការចម្លងមេរោគអេដស៍ ពិសេសបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវឃ្លាតឆ្ងាយពីគ្រឿងញៀន ចំពោះអ្នកផ្ទុក និងអ្នកជំងឺអេដស៍ កុំអស់សង្ឃឹមត្រូវខិតខំថែរក្សាជីវិត រក្សាសុខភាព និងបន្តអាជីពការងាររបស់ខ្លួនដូចប្រជាពលរដ្ឋដទៃទៀតក្នុងសង្គម ។
ក្នុងឱកាសនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុក បានយកអំណោយចែកជូនអ្នកជំងឺអេដស៍ចំនួន ៤៨នាក់ ដែលបានចូលរួម ក្នុងម្នាក់ទទួលបានអង្ករមួយបាវ ត្រីខ ១យួរ មី ១កេស ឃីតមួយកញ្ចប់ មានមុង សារុង ក្រម៉ា និងថវិកា ៥០,០០០រៀល ៕ TR

(រូបភាព និង អត្ថបទដោយ៖ ងូ សុមុនី និងក្រុមគេហទំព័រខេត្តព្រះសីហនុ)

redcross1 redcross2 redcross3 redcross4 redcross5 redcross7