ខេត្តព្រះសីហនុ៖ ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ គ.ស២០១៧ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ បានរៀបចំសច្ចាប្រណិធាន និងបំពាក់កន្សែងជូនថ្នាក់ដឹកនាំកាយរិទ្ធិជាតិកម្ពុជាខេត្តព្រះសីហនុ លើកទីបី ចំនួន ៤៧នាក់ ក្នុងនោះស្រី ១២នាក់ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ។
កាយរិទ្ធមានច្បាប់១០ ដែលត្រូវអនុវត្ត ក្នុងនោះមាន ១ កិត្តិយស នៃកាយរិទ្ធិ គឺការទុកចិត្តពីអ្នកដ៍ទៃ ។ ២ ការរិទ្ធស្មោះត្រង់ ។ ៣ កាយរិទ្ធិបំរើ និងសង្គ្រោះមនុស្សជាតិ ។ ៤ កាយរិទ្ធិ ជាមិត្តភក្តិ ជាបងប្អូន នឹងកាយ រិទ្ធិដ៍ទៃទៀត ។ ៥ កាយរិទ្ធិចេះគួសម និងស្តាប់ឱវាទ ។ ៦ កាយរិទ្ធិរីករាយ និងចិត្តល្អ ។ ៧ កាយរិទ្ធិសន្សំសំចៃ ។ ៨ កាយរិទ្ធិក្លាហាន ។ ៩ កាយរិទ្ធិគោរពបូជា សាសនា ហើយមានចិត្តស្រឡាញ់មនុស្សជាតិ សត្វ និងធម្មជាតិទាំងឡាយ ។ និងទី១០ កាយរិទ្ធិស្អាតស្អំ ទាំងចិត្តគំនិត ទាំងពាក្យសម្តី និងទាំងអំពើល្អ ។
ឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយសមាជិកកាយរិទ្ធិថ្មី និងបំពាក់កន្សែងដល់ថ្នាក់ដឹកនាំកាយរិទ្ធិកម្ពុជា ខេត្តព្រះសីហនុថា ការបំពាក់កន្សែងដល់កាយរទ្ធិថ្មីនាពេលនេះ មានសារៈសំខាន់ដល់ការអភិវឌ្ឍចលនាកាយរិទ្ធិកម្ពុជា ខេត្តព្រះសីហនុ ។ អស់រយពេលជាង១០ឆ្នាំ មកដល់បច្ចុប្បន្នចលនាកាយរិទ្ធិពិភពលោក ដែលជាចលនាអប់រំក្រៅប្រពន្ធ័មួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកយ៉ាងជោគជ័យ ក្នុងសកម្មភាពរបស់សហគមន៍ជាតិ និងអន្តរជាតិ ដែលបានអភិវឌ្ឍធនធានកាយរិទ្ធិឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីឱ្យក្លាយជាពលរដ្ឋមានទំនួលខុសត្រូវ និងជាសមជិកក្នុងសហគមន៍តាមមូលដ្ឋាន នៃសហ គមន៍ជាតិ និងអន្តរជាតិ ដោយឈរលើមូលដ្ឋានរៀនអនុវត្តជាក់ស្តែង( Learning By Doing ) និងវិធីកាយរិទ្ធិ (Scout Methods) ។ កត្តាទាំងនេះធ្វើឱ្យសមាជិកភាពនៃចលនាកាយរិទ្ធិ ជានីតិបុគ្គល សហ គមន៍ អង្គការកាយរិទ្ធិជាតិ បានកើនឡើងចំនួន ១៦៩ប្រទេសនាពេលថ្មីនេះ និងសមាជិកជាយុវជន បាន កើនឡើងចំនួនជាង ៤១លាននាក់ ជុំវិញពិភពលោក ។ ចលនាកាយរិទ្ធិបានធ្វើសកម្មភាព និងការងារសង្គមច្រើនជាងគេលើពិភពលោក ពិសេសក្នុងប្រទេសកម្ពុជា ដូច្នេះជម្រុញលើកទឹកចិត្តដល់សមាជិកកាយរិទ្ធិតាមអង្គភាព សាលារៀន ដើម្បីធ្វើសកម្មភាពផ្សេងៗយ៉ាងមានប្រសិទ្ធិភាព ត្រូវរៀបចំគោលនយោបាយ និងកម្មវិធីបណ្តុះបណ្តាលមេដឹកនាំកាយរិទ្ធិ និងមនុស្សពេញវ័យ ដើម្បីបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាពជំនាញកាយរិទ្ធិ ក្នុងការផលិតកម្មវិធី និងសកម្មភាពកាយរិទ្ធិ ពិសេសលើកទឹកចិត្ត និងទាក់ទាញធនធានមនុស្សពេញវ័យឱ្យចូលរួមការងារស្មគ្រ័ចិត្តក្នុងចលនាកាយរិទ្ធិកម្ពុជា ខេត្តព្រះសីហនុ ។
ឯកឧត្តមបានបន្តថា ថ្នាក់ដឹកនាំកាយរិទ្ធិដែលបំពាក់កន្សែងថ្ងៃនេះ ត្រូវបានជ្រើសរើសចូលរួមជីវភាពជាមួយកាយរិទ្ធិ ដែលជាធនធានមនុស្សប្រកបដោយសក្តានុពល និងមានសមត្ថភាពពេញលេញ ដើម្បីគ្រប់គ្រងដឹកនាំអង្គភាពកាយរិទ្ធ និងរៀបចំកម្មវិធីយុវជន សកម្មភាពផ្សេងៗ ដើម្បីផ្តល់ឱកាសឱ្យកាយរិទ្ធិ និងកាយរិទ្ធិរាមច្បងនៃកាយរិទ្ធិកម្ពុជា ខេត្តព្រះសីហនុ មានភាពរីកចម្រើនបន្ថែមទៀត ៕ LSP (អត្ថបទ រូបភាព ដោយក្រុមគេហទ័រនិងលោក ងូ សុមុនី)