ខេត្តព្រះសីហនុ៖ ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបទី៦៤ ឆ្នាំ២០១៧ ខេត្តព្រះសីហនុ បានរៀបចំមីទិ្ទញអបអរសាទរខួបអនុស្សាវរីយលើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០១៧ ដោយមានវត្តមានចូលរួមពីមន្រ្តីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះដែរ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងសន្ទរកថា ដោយសង្កត់ធ្ងន់ថា ៩វិច្ឆិកា គឺជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង និងឧត្តុងឧត្តមបំផុត ហើយក៏ជាក្ដីមោទនភាពរបស់ប្រទេសជាតិកម្ពុជាយើង ដែលទទួលបានឯករាជ្យ សេរីភាព អធិបតេយ្យភាពដ៏ពេញលេញពីអាណានិគមនិយមបារាំងសេស ក្រោមស្នាព្រះហស្តព្រះរាជបូនីយកិច្ច ដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រព្រះបីតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ( ព្រះបរមរតនកោដ្ឋ) ដ៏អង់អាចក្លាហាន និងមហាបុរសរដ្ឋដ៏ឆ្នើមដែលបានបូជាព្រះកាយពល និងព្រះបញ្ញាញ្ញាណ ដើម្បីបុព្វហេតុឯករាជ្យ សេរីភាពអធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិពីអាណានិគមននិយមបារាំងសេសដែលបានត្រួតត្រាអស់រយៈពេលជិតមួយសតរត្ស។
សន្ទរកថាក៏បានលើកឡើងផងដែរ ព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់តែមានសន្តិភាព និងការអភិវឌ្ឍត្រូវជួបនឹងគ្រោះអាសន្នម្ដងទៀតដោយសាររដ្ឋាភិបាលស្រោចស្រង់ជាតិនៃរបបសាធារណៈរដ្ឋខ្មែរដែលគាំទ្រដោយសហរដ្ឋអាមេរិកឆ្នាំ១៩៧៥ ប្រជាជនកម្ពុជាយើងមិនអាចបំភ្លេចបានទុកជាប្រវត្តិសាស្ត្រនៃសោកនាដកម្ម ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានឆក់ប្លន់សមិទ្ធិផល និងបានបំផ្លាញសង្គមជាតិធ្វើអោយមាតុភូមិងងឹតលិចលង់ក្នុងសមុទ្រឈាម គំនរឆ្អឹង ទឹកភ្នែក វិនាស ព្រាត់ប្រាស់ បង្អត់អាហារ អត់សាលារៀន កំចាត់បញ្ញវ័ន្ត អស់រយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ នៃរបបកម្ពុជាប្រជាធិបតេយ្យ។ សង្គមជាតិយើងត្រូវក្លាយជាវាលពិឃាត ហើយរាល់សមិទ្ធិផល ហេដ្ឋារចនាសម្ព័ន្ធត្រូវរលត់ធ្លាក់ដល់ចំនុចសូន្យ។
ថ្ងៃ៧មករា១៩៧៩ គឺជាថ្ងៃកំណើតរួមគ្នារបស់ប្រជាជនកម្ពុជា ត្រូវបានកម្លាំងរណសិរ្សសាមគ្គី ក្រោមកិច្ចដឹកនាំរបស់សម្ដេចអគ្គទាំង៣ សម្ដេច ជា ស៊ីម សម្ដេចហេង សំរិន និងសម្ដេច ហ៊ុន សែន ព្រមទាំងវីរជនស្នេហាជាតិទាំងអស់ត្រូវបានផ្ដួលរំលំរបបប៉ុល ពត និងបក្សពួកទាំងស្រុង។
ក្នុងសន្ទរកថាក៏បានបញ្ជាក់ទៀតថា នៅសភាពការរួមរបស់ព្រះរាជាណាចក្រកម្ពុជា តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្នពិសេសសកម្មភាព មន្ត្រីរាជការ ប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងប្រដាប់អាវុធ កំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយដ៏ប្រពៃរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាតាមយុទ្ធសស្រ្តចតុកោណដែលយកអភិបាលកិច្ចល្អ ធ្វើជាស្នូលក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខនៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយើង។ ដើម្បីបន្តការស្ដារនិងអភិវឌ្ឍន៍មាតុភូមិជាទីស្នេហារបស់យើងអោយរីកចំរើនជានិច្ចនិរន្តន៍។TR