ខេត្តព្រះសីហនុ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ដោយទទួលបានការណ៍ណែនាំពីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយ នូវអនុក្រឹត្យ និងលិខិបទដ្ឋាននានាពាក់ព័ន្ធនឹងការបង្កើត យន្តការច្រកចេញ-ចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម សូរ ជុងហ៊ួរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ។
ក្នុងឱកាសនេះឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានថ្លែងថាក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំទាំងអស់យ៉ាងជ្រាវជ្រៅ ។ គឺការលើកកម្ពស់ការផ្តល់សេវានិង ការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។
ដើម្បីប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនានា ដែលរួមមានទាំងសេវារដ្ឋបាលដែលកំពុងផ្តល់ដោយរដ្ឋបាលខេត្ត និងសេវារដ្ឋបាលដែលកំពុងផ្តល់ដោយមន្ទីរ អង្គភាពជំនាញនានា មកដាក់នៅកន្លែងតែមួយ ។ ការបង្កើតការិយាល័យច្រកចេញចូលតែមួយ បាននិងកំពុងអនុវត្តនៅ រដ្ឋបាលថ្នាក់ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដើម្បីផ្តល់សេវារដ្ឋបាលនានាដែលទទួលបានការ ប្រតិភូកម្មពីក្រសួង ស្ថាប័ននានា
នាពេលកន្លងមក។ ការបង្កើតឱ្យមានយន្តការច្រកចេញចូលតែមួយនឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗមាន៖ ពង្រឹងការប្រមូលចំណូលពីការផ្តល់សេវារដ្ឋបាលទាំងនេះប្រកបដោយតម្លាភាព និងទប់ស្កាត់នូវអំពើពុករលួយ ។ ដូច្នេះចាប់តាំងពីពេលនេះតទៅ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំបង្កើតឱ្យមានការិយាល័យប្រជាពលរដ្ឋនៅក្នុងរដ្ឋបាលរបស់ខ្លួន ។ LSP
(រូបភាព និង អត្ថបទ ៖ សម្បត្តិ & សុគុណ)