ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ មានរៀបចំពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសA និង B សម័យប្រឡង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧កន្លងមក ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តម សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមាន ការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជកាជាច្រើនរូបទៀត ។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មាន ប្រសាសន៍ថា ក្នុងឆ្នាំសិក្សាឆ្នាំ២០១៥-២០១៦ សម័យប្រឡងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ទទួលបានលទ្ធផល ៦៥,៧៣ភាគរយ លើលទ្ធផលទូទាំងប្រទេស ៦២,១៨ភាគរយ ។ មាននិទ្ទេសA ចំនួន០៧នាក់ ស្រី០៣នាក់ ។ ឆ្នាំសិក្សា២០១៦-២០១៧ សម័យប្រឡង២១ ខែសីហា ២០១៧ លទ្ធលទទួលបាន ៧៣,២៨ភាគរយ លើលទ្ធផលទូទាំងប្រទេស ៦៣,៨៤ភាគរយ ក្នុងនោះនិទ្ទេសA ចំនួន ០៩នាក់ ស្រី ០១នាក់ និទ្ទេសB ចំនួន ៤៥នាក់ ស្រី ២៣នាក់ លទ្ធផលខាងលើបង្ហាញឱ្យឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តព្រះសីហនុ កាន់តែមានភាពល្អប្រសើរឡើង ។
ឯកឧត្តម នាយឧត្តមសេនីយ ប៉ុល សារឿន អគ្គមេបញ្ជា ការកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍ថា នេះគឺលទ្ធផលមួយសម្រាប់ការសិក្សាប្រចាំឆ្នាំសិក្សា២០១៦-២០១៧ នៃកំណែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានធ្វើឱ្យវិស័យអប់រំទូទាំងប្រទេសទទួលបាននូវធនធានមនុស្សមានសមត្ថភាព គុណភាព ដើម្បីចូល រួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ ។ ឯកឧត្តម នាយឧត្តមសេនីយ ប៉ុល សារឿន បានផ្តាំផ្ញើដល់ក្មួយៗដែលទើបបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ត្រូវខំរៀនសូត្របន្តនៅកម្រឹតឧត្តមសិស្សា ។ ការសិក្សាមានបី ទីមួយអប់រំក្នុងគ្រួសារ ទីពីអប់រំនៅសាលារៀន និងទីបី អប់រំនៅក្នុងសង្គម ដែលនាំមកនូវចំណេះដឹង ជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ដើម្បីក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងអ្នកដឹកនាំល្អក្នុងសង្គម ។
ក្នុងពិធីផ្តល់រង្វាន់លើកទឹកចិត្តសិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A និទ្ទេសB ក្នុងនោះសិស្សប្រឡងបាននិទ្ទេសA ចំនួន ៩នាក់ ស្រី ០១នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ C-១២៥ ផលិតឆ្នាំ២០១៧ ចំនួន ០១គ្រឿង និងថវិកា ២០មឺនរៀល និងសិស្សជាប់និទ្ទេសB មានចំនួន ៤៥នាក់ ស្រី ២៣នាក់ ក្នុងម្នាក់ៗទទួលថវិកា ៤០មឺនរៀល ។ ដោយឡែកសាលាវិទ្យាល័យ និងគ្រិះស្ថានសិក្សាទាំង៧ ក៍ទទួលបានថវិកាពីប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុផងដែរ ៕ LSP
(រូបភាព អត្ថបទដោយ៖សម្បត្តិ សុភា សុគន្ធ)