ខេត្តព្រះសីហនុ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំបូកសរុបលទ្ឋផលការងាររយៈពេល ៩ខែ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម វង្ស សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបង្ហាញនូវចំនាប់អារម្មណ៏ក្នុងកម្មវិធី ដោយបានស្វាគមន៏ និងបានថ្លែងពីវិស័យវិនិយោគក្នុងខេត្តព្រះសីហនុ។
នាឱកាសនោះដែល ឯកឧត្តម វង្ស សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានមានប្រសាសន៍ថា៖ ទាក់ទងនឹងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលជាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការធានាចីរភាពនៃការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ ។
ឯកឧត្តមបន្ថែមទៀតថា៖ ស្របតាមកំណើននៃសេដ្ឋកិច្ចជាតិ ជាពិសេស បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ដែលជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋបាននិងកំពុងបម្រើនូវសំណូមពរលើកការផ្តល់សេវាដល់និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៥២.៦៤៤ នាក់ និងអ្នកក្នុងបន្ទុកចំនួន ៣៤.៥៥២ នាក់ ដែលប្រើប្រាស់ថវិការដ្ឋប្រមាណ ៣១២ ពាន់លានរៀល ក្នុង ១ ឆ្នាំ(ប្រហាក់ប្រហែល ៧៨ លានដុល្លា ។
ឯកឧត្តមបានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងបុគ្គលិក ប.ជ.ស ទាំងអស់ត្រូវពង្រឹងការអនុវត្តសារាចរលេខ ០៥ សរ. ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៥, ពង្រឹងការអនុវត្តសារាចរលេខ ០៤ សរ. ចុះថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៤ , ពង្រឹងយន្តការនៃការផ្ទេរសិទ្ធិជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺ ចាស់ជរា , ពន្លឿននីតិវិធី នៃការរៀបចំប្រាក់របបសន្តិសុខសង្គម , ពង្រឹងការគ្រប់គ្រងទិន្នន័យនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអ្នកនៅក្នុងបន្ទុកនៅតាមរាជធានី ខេត្ត ឱ្យបានច្បាស់លាស់ និង ប.ជ.ស. ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុវត្តឱ្យបាននូវតាវកាលិកគ្រោះថ្នាក់ការងារ តាវកាលិកមាតុភាព និងតាវកាលិកមរណភាពសម្រាប់មន្ត្រីរាជការស៊ីវិល ដែលបច្ចុប្បន្នតាវកាលិកទាំងនេះ កំពុងស្ថិតនៅរាយប៉ាយតាមក្រសួង ស្ថាប័នសាមីនៅឡើយ ។
LSP (រូបភាព អត្ថបទដោយ៖សម្បត្តិ សុភា សុគន្ធ)