ខេត្តព្រះសីហនុ៖ បន្ទាប់ពីបានជួបធ្វើសវនាការ និងពិភាក្សាសាការងារ ដើម្បីស្វែងយល់ពីស្ថានភាពភូមិសាស្រ្ត វប្បធម៌ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧រួចមក នៅព្រឹក ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៧ ឯកឧត្តម លីវ យុនសាន (H.E. Liu Yunshan) សមាជិកគណៈអចិន្ត្រៃយ៍ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនីស្តចិន ឯកឧត្តម ស៊ីម ការ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម យន្ត មីន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបញ្ចុះបឋសិលាសាងសង់អគារសិក្សាមិត្តភាព កម្ពុជា-ចិន ចំនួន០៥ខ្នង ជាជំនួយរបស់មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ស្ថិតនៅក្នុងភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ក្នុងឱកាសនេះដែរក៍មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ ។
នៅក្នុងឱកាសនេះឯកឧត្តម យន្ត មីន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ស្វាគមន៍ទៅកាន់អង្គពិធីដោយសង្កត់ធ្ងន់ថា ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយ ដោយបានទទួលនូវវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូជាន់ខ្ពស់ នៃសាធារណះរដ្ឋប្រជាមានិតចិន ដែលបានមកបំពេញទស្សនកិច្ចនៅលើទឹកដីនៃខេត្តព្រះសីហនុយើងខ្ញុំរួមជាមួយនឹការជួយសាងសង់អាគារសិក្សា (មិត្តសម្លាញ់ផ្លូវសូត្រ) មិត្តភាពកម្ពុជា-ចិន ចំនួន ០៥ខ្នង ជាជំនួយរបស់មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងសាលាបឋមសិក្សាកំពេញចាស់ នាពេលនេះ ។
ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្តែងគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម លីវ យុនសាន H.E. Liu Yunshan សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឍឹមបក្កុម្មុយនីស្តចិន និងគណៈប្រតិភូ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះ ហើយនេះគឺជាសមិទ្ធិផលថ្មីមួយទៀតរបស់សាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការរួមចំណែកក្នុងវិស័យអប់រំនៅក្នុងខេត្តព្រះសីហនុហើយក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរវប្បធម៌ និងវិស័យអប់រំកម្ពុជាចិនតាមរយៈផ្លូវមួយខ្សែក្រវាត់មួយសំដៅធ្វើឲ្យមានការតភ្ជាប់កាន់តែជិតស្និទ្ធថែមទៀត នូវទឹកចិត្ត និងអារម្មណ៍រវាងប្រជាជន ពិសេសយុវវ័យនៃប្រទេសទាំងពីរ ហើយនេះក៏ជាការផ្សារភ្ជាប់ពីប្រវត្តិសាស្ត្រដែលមានការទំនាក់ទំនងជាមួយគ្នាជាយូរលុងណាស់មកហើយ ដូច ដែលមានឯកសាររបស់ អ្នកស្រាវជ្រាវដ៏ល្បី របស់ចិនឈ្មោះ ជីវតាខ្វាន់ ។ គួរបញ្ជាក់ផងដែរថាគណៈប្រតិភូ របស់បក្សកុម្មុយនីស្តចិន ដែលទើបតែចុះអនុសារណះ រវាងភាគីកម្ពុជា-ចិន កាលពីពេលថ្មីៗកន្លងទៅនេះ។
ក្រោយពីបញ្ចប់កម្មវិធី បើកដំណើរគម្រោងសាងសង់រួច ប្រតិភូជាន់ខ្ពស់ប្រទេសចិនអមដោយប្រតិភូកម្ពុជា បានបន្តដំណើរទៅទស្សនៈកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស និងតំបន់នានាដែលកំពុងអភិវឌ្ឍន៍លើវិស័យសំណង់ ក៏ដូចជាវិស័យឧស្សាហកម្មជាច្រើន នេះសបញ្ជាក់អោយឃើញថាប្រទេសចិន កំពុងតែវិនិយោគលើវិស័យគ្រប់យ៉ាងក្នុងប្រទេសកម្ពុជារួមទាំងការទំនាក់ទំនងល្អៗជាច្រើនរវាងប្រទេសទាំងពីរផងដែរ៕TR
អត្ថបទ លោក ឱ សារឿន