ប្រទេសចិន៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ គណប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ចូលជួបពិភាក្សា និង ស្តាប់សេចក្តីរាយការណ៍ពីលោក CHEN JIANGANG អគ្គនាយកក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។
ក្នុងឱកាសនោះលោកអគ្គនាយក រៀបរាប់ពីវិស័យវិនិយោគដែលក្រុមហ៊ុនមានកន្លងមក និងលើកឡើងថាមកទល់ពេលនេះក្រុមហ៊ុនមេដែលមានឈ្មោះថា ហ៊ុងតូវ មានអាយុគម្រប់ ៦០ ឆ្នាំហើយ និង ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏មានអាយុគម្រប់ ១០ឆ្នាំ ហើយដែរ ។ ក្រមហ៊ុនហ៊ុងតូវ មានគំរោងវិនិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ មិនត្រឹមតែអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងអភិវឌ្ឍន៍លើវិស័យអប់រំ វិស័យវប្បធម៌ វិស័យទេសចរណ៍ ជាពិសេសវិស័យសុខាភិបាល ជារួមលោកមានគំរោងអភិវឌ្ឍន៍ឲ្យតំបន់សេដ្ឋកិច្ចពិសេសនេះក្លាយជាតំបន់ឧស្សហកម្ម ពាណិជ្ជកម្ម និង ទេសចរណ៍ ។ លោកអគ្គនាយក លើកឡើងជាចុងក្រោយថា លោកនឹងខិតខំធ្វើឲ្យបានសម្រេចនូវក្តីស្រមៃដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចង់ឲ្យខេត្តព្រះសីហនុក្លាយជាទីក្រុងសិនជិនទីពីរនោះ ។
ជាការឆ្លើយតប ឯកឧត្តម យន្ត មីន បាន ថ្លែងអំណរគុណដល់អគ្គនាយកក្រុមហ៊ុន ហ៊ុងតូវ ដែលបានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ មកទស្សនកិច្ចនាពេលនេះ និង ចូលរួមពិធីគម្រប់ខួប ៦០ឆ្នាំ របស់ក្រុមហ៊ុន ។ ឯកឧត្តមយន្ត មីន ក៏បានស្នើសុំឲ្យមានការវិនិយោគបន្ថែមទៀត ពីក្រុមហ៊ុនហ៊ុងតូវ លើវិស័យផលិតកម្ម វិស័យអប់រំ ទេសចរណ៍ និង សុខាភិបាល ទោះបីបច្ចុប្បន្ននេះខេត្តព្រះសីហនុកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីជនជាតិចិន និងអ្នកវិនិយោគមកពីប្រទេសផ្សេងៗទៀតក្រៅពីជនជាតិចិនយ៉ាងកុះករក្នុងខេត្តព្រះសីហនុក៏ដោយ ។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានបន្ថែមដែរថា រាជរដ្ឋាភិបាល ក៏ដូចជា ឯកឧត្តមផ្ទាល់ ចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មិនត្រឹមតែជាមជ្ឈមណ្ឌលសេដ្ឋកិច្ចប៉ុណ្ណោះទេ តែគឺជាស្ពានមេត្រីភាព មិត្តភាព ដ៏រឹងមាំរវាងប្រទេសកម្ពុជា និង ប្រទេសចិនផ្ទាល់តែម្តង ។ ឯកឧត្តម ក៏ធានាផងដែរថាមិនឲ្យតំបន់សេដ្ឋកិច្ចពិសេស មានការរំខានដែលរាំងស្ទះដល់ការអនុវត្តការវិនិយោគជាដាច់ខាត ព្រមទាំងធានាការពារនូវភាពស្របច្បាប់របស់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុទាំងមូល ។ ឯកឧត្តមបានសំណូមពរ ឲ្យក្រុមហ៊ុន
ហុងតូវ ទាំងមូលយកចិត្តទុកដាក់ឲ្យបានខ្ពស់ដល់ជីវភាព សុខភាពរបស់កម្មករ កម្មការនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុប្រមាណជាង ១ម៉ឺន ប្រាំពីរពាន់នាក់ ដែលកំពុងធ្វើការក្នុងតំបន់ខាងលើ ក៏ដូចជាជួយលើកតម្កើងជីវភាពប្រជាជនទាំងមូលក្នុងតំបន់នោះ ដែលនេះអាចចាត់ទុកថាជាការចូលរួមចំណែកប្រសើរបំផុតក្នុងការការពារ គាំទ្រដល់រាជរដ្ឋភិបាលកម្ពុជាដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ ។
ជាចុងក្រោយ តាមរយះក្រុមហ៊ុនហ៊ុងតូវ ឯកឧត្តម សូមផ្តាំផ្ញើថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំប្រទេសចិន និង ខេត្តជាំងស៊ូផ្ទាល់ ដែលបានចាប់យកខេត្តព្រះសីហនុជាដៃគូ ហើយតែងតែអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុមកទស្សនកិច្ច និង ទទួលស្វាគមន៍ដល់គណៈប្រតិភូយ៉ាងកក់ក្តៅ៕ TR
រូបភាព និងអត្ថបទ លោក លី សុវណ្ណបញ្ញា