ប្រទេសចិន៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នេះ ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Wu zhen long អភិបាលខេត្ត ជាំងស៊ូ នៅក្នុងទីក្រុង ហ្វូស៊ី (Wuxi) ព្រមទាំងចូលរួមពិធីអបអរសាទរខួប៦០ឆ្នាំ របស់ក្រុមហ៊ុន HODO Group និងខួប១០ ឆ្នាំតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ ។
លោក Wu Zhen Long បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅមកលើគណៈប្រតិភូកម្ពុជា ដោយបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថារដ្ឋបាលខេត្តជាំងស៊ូនៅតែបន្តជួយជ្រោមជ្រែងដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ឲ្យក្លាយជាទីក្រុងផលិតកម្មដូចក្រុងសិនជិន របស់ប្រទេសចិនដែរ ។
ជាការឆ្លើយតប ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់ការជ្រោមជ្រែងដល់ប្រទេសកម្ពុជាកន្លងមក ហើយឯកឧត្តមបន្តថា ឯ.ឧ ចង់ឲ្យការអនុវត្តផែនការ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” ទទួលបានជោគជ័យកាន់តែខ្លាំងក្នុងប្រទេសកម្ពុជា ជាងប្រទេសនានាក្នុងតំបន់ ហើយសង្ឃឹមថាប្រទេសកម្ពុជា នឹងទទួលបានផ្លែផ្កាពីផែនការនេះកាន់តែច្រើន ដើម្បីក្លាយជាប្រទេសដែលទទួលបានជោគជ័យពិតប្រាកដពីផែនការនេះ ។
នៅក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ក៏បានសម្តែងភាពរីករាយស្និទ្ធស្នាលដែលលោកអភិបាលខេត្តជាំងស៊ូបានរៀបចំទទួលស្វាគមន៍គណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅក្នុងចំណងមិត្តភាពខេត្តបងប្អូនយ៉ាងរុឹងមាំ។
ឯកឧត្តម យន្ត មីន បានបញ្ជាក់អំពីគោលជំហររបស់រដ្ឋបាលខេត្តព្រះសីហនុក្នុងការគាំទ្រដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុយ៉ាងពេញទំហឹង និងសង្ឈឹមថាខេត្តជាំងស៊ូ បន្តបន្ថែមការអភិវឌ្ឍបន្ថែមទៀត ដោយលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពេលនេះគឺជាក្បាលម៉ាស៊ីន និង មេដែកឆក់សេដ្ឋកិច្ច ដែលអាចស្រូបទាញលំហូរវិនិយោគយ៉ាងច្រើន រួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសបានលើកកំពស់ដល់ជីវភាពប្រជាជនក្នុងតំបន់ខេត្តព្រះសីហនុទាំងមូល៕TR
រូបភាព លោក លី សុវណ្ណបញ្ញា