ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌលវិទ្យាល័យហ៊ុន សែនក្រុង ស្ថិតនៅសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦-២០១៧នេះមានរយះពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ដោយមានការចូលរួមពិនិត្យដោយគណៈមេប្រយោគ និងសិស្សានុសិស្សផងដែរ ប្រកបដោយភាពត្រឹមត្រូវ ដោយមិនមានការបែកធ្លាយវិញ្ញាសារចេញទៅក្រៅនៅតាមមណ្ឌលប្រឡងទាំង០៤ ក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍សំណេះសំណាលជាមួយសិស្សានុសិស្សដោយបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦- ២០១៧ ប្រព្រឹត្តទៅដោយភាពរលូន អាចជឿទុកចិត្តបាន ដោយអាជ្ញាធរខេត្ត បានរៀបចំកម្លាំងសន្តិសុខការពារនៅតាមមណ្ឌលប្រឡងនានា ដើម្បីធានានូវសន្តិសុខ សុវត្ថិភាពឱ្យបាន ១០០ភាគរយ ។
ឯកឧត្តមក៏បានបញ្ជាក់ថា សូមប្អូនៗជាសិស្សានុសិស្សត្រូវខិតខំបញ្ចេញសមត្ថភាពរឿងៗខ្លួនប្រសិនបើប្អូនៗមានសម្ថភាព និងពិតជាប្រឡងជាប់ជាក់ជាមិនខានឡើយ ដូច្នេះត្រូវព្យាយាមប្រឡងឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានសន្យាផ្តល់ Computer និង printer ដល់សិស្សប្រឡងជាប់ចំណាត់ថ្នាក់ល្អផងដែរ ។
លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦-២០១៧ មានមណ្ឌលប្រឡងចំនួនបួនក្នុងនោះមាន មណ្ឌលវិទ្យាល័យហ៊ុន សែនក្រុង មណ្ឌលវិទ្យាល័យហ៊ុន សែន មិត្តភាព មណ្ឌលអនុវិទ្យាល័យកម្មករ និងមណ្ឌលអនុវិទ្យាល័យសម្តេចឪ ។ ការប្រឡងថ្នាក់វិទ្យាសាស្ត្រមាន ០២មណ្ឌល ស្មើរនឹង ៣២បន្ទប់ មានបេក្ខជនសរុបចំនួន ៧៩៣នាក់ ស្រី ៤១៩នាក់ ប្រឡងនៅវិទ្យាល័យហ៊ុន សែន មិត្តភាព និងអនុវិទ្យា ល័យកម្មករ ។ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ០២មណ្ឌល ស្មើរនឹង ៣៦បន្ទប់ មានបេក្ខជនសរុបចំនួន ៩០០នាក់ ស្រី ៣៨២នាក់ប្រឡងនៅមណ្ឌលវិទ្យាល័យហ៊ុន សែន ក្រុង និងអនុវិទ្យាល័យសម្តេចឪ ។
លោក កែវឡាយ បានឱ្យដឹងបន្តទៀតថា ក្នុងឆ្នាំសិក្សា ២០១៦-២០១៧នេះ នៅខេត្តព្រះសីហនុ មានបេក្ខជនដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ១.៦៩៣នាក់ ស្រី ៨០១នាក់ ក្នុងនោះក៍មានបេក្ខជនស្វ័យរិន បំពេញវិជ្ជាផងដែរ ។ នៅតាមមណ្ឌលប្រឡងទាំងបួន ក៍មានអង្គភាពប្រឆាំងអំពើរពុករលួយចូលរួមជាអ្នកសង្កេតការណ៍ត្រួតពិនិត្យការប្រឡងផងដែរ ។
សូមរម្លឹកថា ក្នុងឆ្នាំសិក្សា២០១៥-២០១៦ នៅខេត្តព្រះសីហនុការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមាន ០៣មណ្ឌល ក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រមាន ០២មណ្ឌល ស្មើរនឹង ៥៧បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ០១មណ្ឌល ស្មើរនឹង ១០បន្ទប់ មានបេក្ខជនសរុបចំនួន ១.៨៣១នាក់ ស្រី ៩១០នាក់ ៕ TR
រូបភាព និងអត្ថបទ លោក ងូ សុមុនី
#រដ្ឋបាលខេត្តព្រះសីហនុ#ធនធានមនុស្សជាគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ