ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ធ្វើពិធីលែង ពូជត្រីរាជ ចូលទៅក្នុងអាងទឹកនៅតំបន់ទឹកសាបក្បាលឆាយ នៅអាងទឹកសាបតំបន់ក្បាលឆាយ រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីលែងពូជត្រីរាជចំនួន ២០០ក្បាលចូលទៅក្នុងអាងទឹកតំបន់ទឹកសាបក្បាលឆាយ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម យន្ត មីន មានប្រសាសន៍ឱ្យដឹងថា ការធ្វើពិធីលែងពូជត្រីរាជ ចូលទៅក្នុងអាងទឹកសាបតំបន់ក្បាលឆាយនេះ គឺធ្វើឡើងដោយមានការជួយឧបត្ថម្ភគាំទ្រពីមន្ត្រីរាជការ តាមបណ្ដាស្ថាប័នរដ្ឋ និងឯកជន ក្នុងខេត្តព្រះសីហនុ ដើម្បីបង្កើនផលិតពូជត្រី នៅក្នុងបឹងធម្មជាតិ ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងចូលរួមថែរក្សាធនធានជលផល ឱ្យកើនឡើងសម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានចាត់ទុកថា ការលែងត្រីពូជទៅក្នុងបឹងទឹកសាបតំបន់ក្បាលឆាយនាពេលនេះ គឺជាកម្មវិធីការងារដ៏សំខាន់ ដែលរាជដ្ឋាភិបាលបានកំណត់ឡើង សម្រាប់ជំរុញឱ្យចលនាការពារមច្ឆាជាតិ ត្រូវបានលើកកម្ពស់ ហើយការលែងត្រីពូជនេះគឺជាយុទ្ធសាស្ត្រមួយប្រើប្រាស់ដើមទុនតិច មានសារះសំខាន់ ក្នុងការថែរក្សាពូជត្រី ក្នងស្រុកមួយចំនួនអោយបានគង់វង្ស សម្រាប់ផ្ដល់ជាចំណីអាហារ ជូនប្រជាពលរដ្ឋ ។
ឯកឧត្តម យន្ត មីន ក៏បានមានប្រសាសន៍ បញ្ជាក់ទៀតថា ការលែងពូជត្រីរាជ ថ្ងៃនេះក៏ជាវេទិការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កម្ពុជាគ្រប់មូលដ្ឋាន ក្នុងការជួយថែរក្សាការពារធនធានជលផលគង់វង្ស។
ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទកុំអោយប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ ដូចជាឧបករណ៍ឆក់ត្រី ស្បៃមុង និងការបូមទឹកយកត្រី ដែលជាប្រការប៉ះពាល់ធ្ងន់ធ្ងរដល់ប្រភពធនធានមច្ឆាជាតិ ព្រមទាំងបំផុសចលនា ចិញ្ចឹមត្រី តាមសហគមន៍ ដើម្បីបង្កើនសេដ្ឋកិច្ច គ្រួសារប្រជាពលរដ្ឋឱ្យមានការវិវត្តន៍កាត់បន្ថយភាពក្រីក្រ៕TR
#រដ្ឋបាលខេត្តព្រះសីហនុ#អភិវឌ្ឍន៍លើគ្រប់វិស័យ