ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានចុះបើកការដ្ឋានសាងសង់មជ្ឈមណ្ឌល ផ្តល់សេវាព្យាបាលគ្រឿងញៀនតាមសហគមន៍ ដែលស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ការសាងសង់មជ្ឈមណ្ឌលនេះ គ្រោងចំណាយថវិកាប្រហែល ៦លានដុល្លារ ដែលអាចឱ្យជនរងគ្រោះដោយសារគ្រឿងញៀន ចូលទទួលសេវាព្យាបាលបានចំនួនប្រហែល២ពាន់នាក់។ មិនតែប៉ុណ្ណោះមជ្ឈមណ្ឌលនេះមានបង្រៀន ជំនាញឯកទេស ដល់ជនរងគ្រោះដោយសារថ្នាំញៀន ក្រោយពីទទួលការព្យាបាលហើយអាចត្រឡប់ទៅវិញ ដោយមានជំនាញផ្ទាល់ខ្លួន ដើម្បីជាដើមទុនប្រកបរបរចិញ្ចឹមជីវិត និងចៀសវាងឱ្យពួកគេនឹកឃើញការប្រើប្រាស់ថ្នាំញៀនម្តងទៀត។
ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ភាគីវៀតណាមបានផ្តល់ជំនួយជាថវិកាចំនួន៣លានដុល្លារ និងអ្នកជំនាញការដើម្បីចូលរួមក្នុងយុទ្ធនាការ បង្ក្រាបគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដើម្បីចូលរួមការស្តារនីតិសម្បទាដល់ជនដែលរងគ្រោះ ដោយសារគ្រឿងញៀន។
បើតាមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នេះជាចំណុចដែលកត់សម្គាល់ឃើញថា ទោះបីមានការខិតខំពង្រាយនូវមណ្ឌលព្យាបាលរបស់ក្រសួងសុខាភិបាល ចំនួន១៧៧មណ្ឌល និងការព្យាបាលតាមសហគមន៍ក៏ដោយ ក៏ដំណើរការនៃចូលខ្លួន របស់អ្នកញៀនគ្រឿងញៀនមួយចំនួន នៅតែមិនបានចូល មកព្យាបាលដូចអ្វី ដែលអាជ្ញាធរគ្រឿងញៀន បានគ្រោងទុកនោះដែរ ដែលនេះបានធ្វើឱ្យចំនួនអ្នកញៀនគ្រឿងញៀន នៅក្នុងសង្គមមានការកើនឡើងគួរឱ្យគត់សម្គាល់។
លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា តាមរបាយការណ៍ថ្មី ដែលអាជ្ញាធរប្រឆាំងគ្រឿងញៀនទើបទទួលបានចំនួនអ្នកញៀនគ្រឿងញៀន នៅកម្ពុជា មានចំនួន១២.០០០នាក់៕nak