ខេត្តព្រះសីហនុ៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកម្មវិធីបិទសន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ ក្រោមអធិបតិភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ិក ប៊ុន ហុង ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិសមាជិការ រៀបចំការបោះឆ្នោតព្រមទាំង អស់លោក លោកស្រី ប្រធាន អនុប្រធាន គណៈកម្មាការរាជធានី ខេត្តរៀបចំការបោះឆ្នោត រួមជាមួយមន្រ្ដីបោះឆ្នោតគ្រប់លំដាប់ ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ។
នាឱកាសនោះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអានរបាយការណ៍បូកសរុប សន្និបាទបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បន្ទាប់ពីអានរបាយការណ៍បូកសរុបចប់រួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឡើងថ្លែងសន្ទរកថា និងមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ជាតិដឹកនាំ និងមន្រ្ដី គ.ជ.ប គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយនានាអ្នកសង្កេតការជាតិ អន្ដរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែល បានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ក្នុងនោះលោកក៏បានបញ្ជាក់បន្ថែម ទៀតថា សមិទ្ធផលសម្រេចបានទាំនេះអាស្រ័យដោយយើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល គ.ជ.ប គណបក្សនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំរួមគ្នាធ្វើការកែលម្អដំណើរការបោះឆ្នោត ទាំងក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌបច្ចេកទេស។ ឆ្លៀតក្នុងឪកាសដ៏ថ្លៃថ្លានោះសម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះជំនួយសប្បុរសរបស់សហភាពអ៊ឺរ៉ុប រដ្ឋាភិបាល និងប្រជាជនជប៉ុន រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រនូវជំនួយបច្ចេកទេស សម្ភារ ថវិកាមួយចំនួនសម្រាប់ដំណើរការបោះឆ្នោត។
ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានថ្លែងអំណរគុណចំពោះ សមាគមជាតិ និងអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអន្ដរជាតិ មជ្ឈដ្ឋាននានក្នុងសង្គម ដែលតែងតែផ្ដល់ការគាំទ្រយ៉ាងស្មោះត្រង់ ទាំងស្មារតី និងសម្ភារៈជួយដល់ដំណើរប្រតិបត្តិរបស់ គ.ជ.ប និងចូលតាមដានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ លើគ្រប់ដំណើរការនៃការរៀបចំការបោះឆ្នោត ព្រមទាំងវាយតម្លៃប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ចំពោះដំណើរការរៀបចំទាំងនោះ និងជាពិសេសនោះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអភិបាល អភិបាលរង អាជ្ញាធរ និងប្រជាពលរដ្ឋ ខេត្តព្រះសីហនុ ទាំងអស់ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការ ការឧបត្ថម្ភនានា និងភាពរូសរាយរាក់ទាក់ដែលធ្វើអោយដំណើរការសន្និបាតនេះប្រព្រឹត្តទៅបានយ៉ាងល្អជោគជ័យ និងបរិយាកាស ដ៏សែនមនោរម្យ និងសូមប្រកាសបិទអង្គសន្និបាត។
(អត្ថបទ និងរួបភាពដោយ៖ សម្បត្តិ និងសំណាង)