ខេត្តព្រះសីហនុ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៧ សាលាខេត្តព្រះសីហនុ បានរៀបចំធ្វើសិក្ខាសាលាស្ដីពី ”សន្ដិភាព គឺជាមូលដ្ឋានគ្រឹៈនៃសិទ្ធមនុស្ស និងការអភិវឌ្ឍ ” ដែលរៀបចំដោយគណៈកម្មាធិកាសិទ្ធមនុស្ស និងរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនិងជារដ្ឋលេខាធិការ នៃការទីស្ដីការគណៈរដ្ឋមន្រ្ដី ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ព្រមទាំងបានការអញ្ជើញចូលរួមពីមន្រ្ដីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង គរុសិស្ស សរុប៣៥០ នាក់។
ក្នុងអង្គប្រជុំនេះដែរឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការធ្វើសិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ដើម្បីផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងទៅដល់បងប្អូនមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និង យុវជន សិស្ស និស្សិតក្នុងខេត្តព្រះសីហនុ ឲ្យបានយល់ជ្រាបអំពីការប្រើប្រាស់សិទ្ធិ សេរីភាព និងការអនុវត្តច្បាប់នានា ដើម្បីទៅរកការអភិវឌ្ឍ និងរីកចម្រើន ឆ្លៀតក្នុងឪកាសនោះឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ខេត្តព្រះសីហនុគឺជាខេត្តប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងចំណោមខេត្តប៉ូលសេដ្ឋកិច្ចទាំងបី មាន៖
-ខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុមានកំពង់ផែសមុទ្រដែលមានទឹកជ្រៅជាងគេបំផុតក្នុងប្រទេសកម្ពុជា ប្រជុំកោះតូច -ធំ ឆ្នេរខ្សាច់ ឆ្នេរថ្ម និងជីវចម្រុះបាតសមុទ្រនៃធនធានតំបន់ឆ្នេរខេត្តព្រះសីហនុ បានក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិដ៏ពេញនិយមសម្រាប់ទាក់ទាញភ្ញៀវទេសចរ ជាតិ -អន្ដរជាតិ ហើយរាជរដ្ឋាភិបាលបានប្រកាសប្រែក្លាយទៅជាខេត្ត “ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ” ដែលមានតែមួយគត់ក្នុងប្រទេសកម្ពុជា ហើយខេត្តព្រះសីហនុមានកិត្តិយសទទួលបានជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោក និងបានប្រសិទ្ធនាមថា “ ឆ្នេរសមុទ្រកម្ពុជាតារារៈនាទិសនារតី”។
(អត្ថបទ និងរូបភាពដោយ៖ សម្បត្តិ និងសំណាង)