ស្រុកព្រៃនប់៖ កាលពីរសៀលថ្ងៃទី៨ ខែក្កដា ឆ្នាំ២០១៧ នេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមដំណើរជាមួយ និងសហការី បានអញ្ជើញទៅជួបសំណេះសំណាល និយោជិក កម្មករ កម្មការី នៅរោងចក្រកាត់ដេរ
សំលៀកបំពាក់ មែនអ៊ូ ចំនួនជាង១.០០០នាក់ កំពុងបំរើការងារក្នុងរោងចក្រ ដែលមានទីតាំងនៅក្នុង ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីស្ថានភាពខ្សែចង្វាក់ផលិតកម្មរោងចក្រផង និងដើម្បីបានស្ដាប់អំពីទុក្ខកង្វល់ និងសំណូមរបស់កម្មករ កម្មការីនី រោងចក្រផង។នៅក្នុងការជួបសំណេះសំណាលនេះ តំណាងរោងចក្រ មែនអ៊ូ បានធ្វើរបាយការណ៍ជម្រាប់ជូន ឯកឧត្តម អភិបាលខេត្តព្រះសីហនុ អំពីស្ថានភាពរបស់រោងចក្រដែលបានដំណើរការអស់រយៈពេលចំនួនជាង៤ឆ្នាំមកហើយ រោងចក្របានចាប់ផ្ដើមសាងសង់ដំបូង មានកម្មករ កម្មការីនី តែជាង៤០០នាក់បុណ្ណោះរហូតមកដល់នាពេលបច្ចុប្បន្ននេះ រោងចក្រ មានចំនួន កម្មករ កម្មការីនី និងនិយោជីកចំនួនជាង១៧០០នាក់ហើយចាប់ផ្ដើមចំនួនចេញនៃសំលៀកបំពាក់ ប្រចាំឆ្នាំតែប៉ុន្មាន ម៉ឺនកំភ្លេ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួននៃសំលៀកបំពាក់បានចេញ រហូតដល់ទៅ៣០ម៉ឺនកំភ្លេហើយ។ រោងចក្រ មែនអ៊ូ បានសាងសង់ឡើងនៅលើ ទឹកដីខេត្តតព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានជួយផ្ដល់ការងារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាដល់ទៅជាង១៧០០នាក់ ហើយថែមទាំងបានលើកស្ទួយបាននូវ កំរិតជីវភាពរបស់បងប្អូន កម្មករ កម្មការីនី ឱ៌្យមានជីវភាព កាន់តែប្រសើរជាងមុនជាលំដាប់ផងដែរ។
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ សំណេះសំណាលទៅកាន់កម្មករ កម្មការីនី បំរើការងារក្នុងរោងចក្រមេនអ៊ូ ទាំងអស់ដោយផ្ដាំផ្ញើសាកសួរសុក្ខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្ដេចតេជោ តែងតែគិតគូរការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការីនី នៅគ្រប់កាលៈទេសៈ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យបងប្អូនទាំងអស់គ្នាគោរពតាមគោលការណ៍ភូមិឃុំមានសុវត្ថិភាព ជាពិសេសបញ្ឈប់ការបោះចោលសម្រាមពាសផ្តេសផ្តាស ដើម្បីរក្សាអនាម័យខេត្តឱ្យកាន់តែប្រសើរ។ TR