ខេត្តព្រះសីហនុ៖ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ចេវ គឹមហេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ស្នើឱ្យមន្ត្រីរាជការមន្ទីរព័ត៍មានខេត្ត បន្តការផ្សព្វផ្សាយព័ត៍មាន ជូនមហាជននូវព័ត៌មានពិតឲ្យបានលឿនរហ័សមានតម្លាភាព ហើយការផ្សព្វផ្សាយ ព័ត៌មានតាមវិទ្យុ និង ទូរទស្សន៍នៅតែជាតម្រូវការចាំបាច់របស់មហាជន បើទោះបីជា បណ្តាញព័ត៍មានសង្គម កំពុងមានការរីកចំរើនយ៉ាងណាក្តី។
ថ្លែងក្នុងពិធីអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តព្រះសីហនុឯកឧត្តម ចេវ គឹមហេង បានផ្តាំផ្ញើដល់ក្មួយៗជាពិធីករ ពិធីការនីធ្វើយ៉ាងណាត្រូវតែនិយាយតែព័ត៌មានពិត មិនលំអៀង ។
ឯកឧត្តមតំណាងរាស្ត្រមានប្រសាសន៍ថា សព្វថ្ងៃនេះបើទោះបីជា បណ្តាញព័ត៍មានសង្គមកំពុងមានការរីកចំរើនយ៉ាងណាក្តី ប៉ុន្តែការផ្សព្វផ្សាយព័ត៍មានតាមវិទ្យុនិងទូរទស្សន៍នៅតែជាតម្រូវការ ចាំបាច់របស់មហាជននៅគ្រប់ទីកន្លែង។
ដោយឡែក លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានបង្ហាញពីរបាយការណ៌ អំពីប្រពន្ធ័ផ្សព្វផ្សាយនានា ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ ក្រៅតែពីវិទ្យុនិងទូរទស្សន៍របស់រដ្ឋ ក៏នៅមានបណ្តាញព័ត៌មាន វិទ្យុ ទូរទស្សន៍ កាសែតរបស់ផ្នែកឯកជនជាច្រើនអង្គភាពទៀត ហើយការផ្សព្វផ្សាយព័ត៌មានបានធ្វើឡើងជារៀងរាលថ្ងៃ។ TR