ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងទ័ពការពារព្រំដែនទិសទី៣ ប្រាសាទតាមាន់ និងប្រសាទតាក្របី នៅក្នុងទឹកដីខេត្តឧត្តរមានជ័យ។
ឯកឧត្តម យន្ត មីន អភិបាល នៃអភិបាលខេត្តព្រះសីហនុ និងលោក ជំទាវ អមដំណីរដោយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូក្នុងគណៈបញ្ជាការ ឯកភាពខេត្ត រួមមាន មន្ត្រីក្រុមប្រឹក្សាខេត្ត មេបញ្ជាការ មេបញ្ជាការរង ផ្នែកសមត្ថកិច្ច កងកម្លាំង ប្រដាប់ អាវុធក្នុងខេត្ត ព្រមទាំងមានមន្ត្រីតំណាងមន្ទីរអង្គភាព ស្ថាប័នរដ្ឋក្នុងខេត្តព្រះសីហនុជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និង ពលទាហានកងពលតូចអន្តរាគមន៍លេខ ៤ ចំណុះកងពលធំលេខ ២ ដែលមានភារកិច្ចឈរជើងការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកបន្ទាយ អំពិល ខេត្តឧត្តរមានជ័យទិសទី ៣ ប្រាសាទតាមាន់ និង ប្រាសាទតាក្របី នាថ្ងៃទី ០៨ ខែមេសា ម្សិលមិញនេះ។
ឯកឧត្តម ឧត្តមសេនីទោ សន ស៊ា មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៤ ដែលជាអង្គភាពសម្ព័ន្ធមេត្រីជាមួយខេត្តព្រះសីហនុ បានរាយការណ៍ជូនគណៈប្រតិភូខេត្តព្រះសីហនុ អំពីភារកិច្ចដែលអង្គភាពទ័ពទទួលអនុវត្តក្នុងកិច្ចការពារភូមិសាស្រ្ត និងថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាល ខេត្ត និងគណៈប្រតិភូអមដំណើរដែលមកសួរសុខទុក្ខ និងឧបត្ថម្ភនូវអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនឹងថវិកាជាច្រើនលានរៀលទៀតដើម្បី ចែកជូនដល់កងទ័ពនិងគ្រួសារទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
មានប្រសាសន៍សំណេះសំណាលទៅកាន់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារទ័ព ទាំងអស់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ប្រជាពលរដ្ឋ កម្មករ និងអាជីវករ រស់នៅខេត្តព្រះសីហនុ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលកំពុងឈរជើងក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា មន្ត្រីរាជការប្រជាពលរដ្ឋ កម្មករនិង អាជីវករ នៅខេត្តព្រះសីហនុសូមសម្តែងនូវការគោរពដឹងគុណដល់វីរៈភាពដ៏អង់អាចក្លាហាន របស់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងពលតូចអន្តរគមន៍លេខ ៤ ដែលបានខិតខំបំពេញភារកិច្ចដើម្បីការពារជាតិមាតុភូមិ ហើយកងពលតូចអន្តរាគមន៍លេខ៤ បានចង សម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុ គឺជាការបើកឱកាសឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខាង ក្រោយបានចែករំលែកធនធានសម្ភារៈថវិកា ឧបត្ថម្ភដល់កងទ័ពដើម្បីផ្សារភ្ជាប់រវាងកងទ័ពជាមួយមន្ត្រី រាជការ និងប្រជាពលរដ្ឋ។ ហើយសំរាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ខេត្តព្រះសីហនុបានឧបត្ថម្ភជូនអង្គភាពកងទ័ពសម្ពន្ធ័មេត្រីភាពសាលាខេត្តព្រះសីហនុ ប្រើប្រាស់ថវិកាសរុបចំនួនជាង១៦៥លានរៀលក្នុងនោះរួមមាន គ្រឿងឧបភោគ និង បរិភោគផងដែរ៕ TR
រូបថត លោក តាំង ហៀងឈុង និងលោក រ៊ី នោរៀ