Home / ព័ត៌មានទូទៅ / ពិធីបើកជាផ្លូវការ វេទិកាទេសចរណ៍ មេគង្គ ឆ្នាំ២០១៦

ពិធីបើកជាផ្លូវការ វេទិកាទេសចរណ៍ មេគង្គ ឆ្នាំ២០១៦

ខេត្តព្រះសីហនុ៖ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជានាយក គំរោង អភិវឌ្ឍទេសចរណ៍

ក្នុងពិធីបើកជាផ្លូវការ វេទិកាទេសចរណ៍ មេគង្គឆ្នាំ២០១៦ ក្រោមប្រធានបទ “បទពិសោធន៍ទេសចរណ៍ ដ៏រីករាយ តាមដងទន្លេមេគង្គ Showcasing authentic experiences along the Mekong River” អមជាមួយនឹងកិច្ចប្រជុំនិងសិក្ខាសាលានានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ជាអាទិ៍៖ កិច្ចប្រជុំក្រុមការងារ ទេសចរណ៍មេគង្គ លើកទី២៧ កិច្ចប្រជុំគណៈកម្មជាតិ គ្រប់គ្រងគម្រោង លើកទី៣ស្តីពី “ហេដ្ឋារចនា សម្ព័ន្ធសម្រាប់កំណើន ប្រកបដោយបរិយាប័ន ក្នុងមហាអនុតំបន់មេគង្គ” សិក្ខាសាលា ស្តីពីទេសចរណ៍មេគង្គ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប និងសិក្ខាសាលាថ្នាក់អនុតំបន់ស្តីពី “ការរៀបចំយុទ្ធសាស្ត្រទេសចរណ៍មេគង្គ ២០១៦-២០២៥” ដោយមានចូលរួមពីតំណាង ស្ថាប័ន ទេសចរណ៍ជាតិ នៃប្រទេសជាសមាជិក មហាអនុតំបន់មេគង្គ កម្ពុជា ចិន ឡាវ ភូមា ថៃឡង់ដ៍ និងវៀតណាម (GMS) តំណាង ធនគារអភិវឌ្ឍន៍អាស៊ី (ADB) នាយកប្រតិបត្តិ ការិយាល័យសម្របសម្រួល ទេសចរណ៍មេគង្គ (Mekong Tourism Coordinating Office-MTCO) តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តតំបន់ឆ្នេរ ផ្នែកឯកជន អង្គការដែលមាន ការពាក់ព័ន្ធវិស័យទេសចរណ៍ ព្រមទាំង ភ្ញៀវជាតិ-អន្តរជាតិមកពីក្នុងតំបន់ និងពិភពលោក សរុបប្រមាណ៣០០រូប។

នេះជាការរៀបចំវេទិកា ទេសចរណ៍មេគង្គលើកទី៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ រីឯការរៀបចំលើកទី២ បានរៀបចំធ្វើឡើង កាលពី ឆ្នាំ២០១០ នៅខេត្តសៀមរាប អង្គរ ដ៏ស្រស់បវរ នៃ“កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ”។

វេទិកាទេសចរណ៍មេគង្គឆ្នាំ២០១៦ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ គោលដៅទេសចរណ៍ ការតភ្ជាប់នៃការធ្វើដំណើរ ក្នុងតំបន់ ការផ្សព្វផ្សាយទីផ្សារ ទេសចរណ៍ ដោយផ្សារភ្ជាប់ទៅនឹង ទំនៀបទំលាប់ ប្រពៃណី វប្បធម៌រស់នៅ និង ម្ហូបអាហារ ប្រកបដោយរស់ជាតិ និងប្លែកៗ ក្នុងសហគមន៍នៅក្នុងប្រទេស ជាសមាជិកមហាអនុតំបន់មេគង្គ ដែលភ្ញៀវទេសចរ មិនត្រឹមតែស្វែងរក ការសម្រាកកម្សាន្តប៉ុណ្ណោះទេ តែក៏ត្រូវស្វែងរក និងទទួលបាននូវ បទពិសោធន៍ប្រកបដោយអត្ថន័យ និងភាពរីករាយផងដែរ ដែលរួមចំណែកអភិរក្ស ទំនៀមទំលាប់ប្រពៃណី និងរៀបរបបរស់នៅ របស់សហគមន៍មូលដ្ឋាន ដែលទាំងនេះ បង្ហាញនូវលក្ខណៈពិសេស សម្រាប់ប្រទេសក្នុងមហាអនុតំបន់មេគង្គ។

ការរីកចម្រើន និងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ត្រូវបានចាត់ទុកថា ជាកំលាំងចលករដ៏សំខាន់ សម្រាប់ប្រទេសសមាជិក មហាអនុតំបន់មេគង្គ រួមចំណែកជំរុញកំណើន សេដ្ឋកិច្ចសង្គម ប្រាក់ចំណូល ឱកាសការងារ ការបង្កើតមុខរបរ លើកស្ទួយកម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ការអភិរក្សបិតិកភ័ណវប្បធម៌ និងធនធានធម្មជាតិ ការបន្សំទៅនឹងការបម្រែបម្រួល អាកាសធាតុសកល ជាពិសេសការអភិវឌ្ឍន៍ សេដ្ឋកិច្ចបៃតង៕ TR

អត្ថបទ ក្រសួងទេសចរណ៍

02

03

04

05

06