ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ក្នុងសាលាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពី ការត្រៀមរៀបចំទីតាំងដាំបង្គោលភ្លើងផ្លូវសាធារណៈតាមបណ្ដោយផ្លូវជាតិលេខ៤ រៀបចំកែសម្រួល ស្ដារប្រព័ន្ធលូនៅផ្សារវាលរេញ និងពិនិត្យរកដំណោះស្រាយបើកផ្លូវមុខព្រះរាជដំណាក់ ក្រោមអធិបតី លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីតាមមន្ទីរពាក់ព័ន្ធនានា។
តាមស្មារតីអង្គប្រជុំនេះបង្គោលអគ្គិសនីដើរដោយប្រព័ន្ធសូឡាចំនួន១០០ដើម នឹងត្រូវបំពាក់នៅក្នុងស្រុកកំពង់សីលា និងស្រុកព្រៃនប់ ដើម្បីបំភ្លឺផ្លូវជូនប្រជាពលរដ្ឋចាប់ពីថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះតទៅ។ ចំណែកឯប្រព័ន្ធលូ ប្រលាយដែលមានការកកស្ទះដោយសារសម្រាមនៅផ្សារវាលរេញស្រុកព្រៃនប់ ព្រមទាំងបង្កឱ្យមានទឹកជំនន់នាពេលកន្លងមកក៏ត្រូវដាក់ឱ្យក្រុមការងារចុះស្តារ កាយសម្រាម បូមដីចេញពីប្រព័ន្ធលូ ប្រលាយទាំងនោះផងដែរ ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នេះតទៅ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា ការពារ ប្រព័ន្ធលូ ប្រលាយ ទាំងអស់កុំឱ្យមានសម្រាមកកស្ទះ និងរួមតូចដោយសារការរំលោភយកដីចំណីប្រលាយទាំងនោះ។