ស្រុកកំពង់សីលា៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ រដ្ឋបាលខេត្តព្រះសីហនុ និងសាខាកាំកុងត្រូលខេត្តបាន សហការជាមួយស្ថាប័នពាក់ព័ន្ធចុះផ្សព្វផ្សាយអប់រំដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ១១៤៩ នាក់នៅទីតាំងអនុវិទ្យាល័យហ៊ុនសែនកំពង់សីលា និងបឋមសិក្សាកំពង់សីលា ស្តីអំពីច្បាប់ទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ អត្ថប្រយោជន៍របស់អំបិលអ៊ីយូដ ការត្រួតពិនិត្យស្លាកសញ្ញាលើផលិតផលម្សៅទឹកដោះគោ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។
ក្រុមការងារបានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់នៅផ្សារកំពង់សីលា និងផ្សារតាមផ្ទះមួយចំនួននៅក្នុងស្រុកកំពង់សីលាថែមទៀត។
ក្នុងនោះក្រុមការងារបានធ្វើការដកហូតផលិតផលម្ហូបអាហារដែលខូចគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងគ្មានស្លាកសញ្ញាត្រឹមត្រូវដូចជា:
– ទឹកក្រូចចំរុះ ចំនួន ២៥៧ គីឡូក្រាម
– នំចំរុះ ចំនួន ៧១ គីឡូក្រាម
– ចាហួយដូងកញ្ចប់ ចំនួន ១៦,១០ គីឡូក្រាម
– និងប័រកំប៉ុង ចំនួន ១,៦៨ គីឡូក្រាម
សរុបចំនួន ៣៤៥,៦៨ គីឡូក្រាមដើម្បីយកទៅកំទេចចោលតាមច្បាប់របស់កាំកុងត្រូល ៕ TR
រូបភាព និងអត្ថបទ: សាខាកាំកុងត្រូលខេត្តព្រះសីហនុ