ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវ ពីធីប្រកាស ផ្ទេរភារកិច្ច ប្រធានមន្ទីរ ទេសចរណ៍ ខេត្តព្រះសីហនុ និងកិច្ចប្រជុំបូកសរុបការងារ
ជាមួយវិស័យឯកជន ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត អភិបាលក្រុង អភិបាលស្រុក មន្ទីរស្ថាប័ននានា វិស័យឯកជននានា និងសិស្ស និស្សិត។ ក្នុងពីធីប្រកាសផ្ទេរភារកិច្ច ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ នេះផងដែរ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រាបជូនទៅដល់ឯកឧត្តមរដ្ឋមន្រ្តី និង ភ្ញៀវកិត្តិយសទាំងអស់ ដែលមានវត្តមាននៅក្នុង អង្គប្រជុំ ឱ្យបានដឹងអំពីស្ថានភាព និងការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ឯកឧត្តមបានអំពាវនាវដល់ ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំទាំងអស់គ្នា ក្នុងការចូលរួមអភិវឌ្ឍន៍ សម្បទាទេសចរណ៍ប្រកបដោយនិរន្តរភាព ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យបរិស្ថាន និងការផ្តល់សេវាទេសចរណ៍ប្រកបដោយភាពពេញចិត្ត ដើម្បីជួយជម្រុញ កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញយ៉ាងពិតប្រាកដ។ ឯកឧត្តម ក៏បានថ្លែងឱ្យដឹងផងដែរថា ការតែងតាំងប្រធានមន្ទីរថ្មីនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍។ ឯកឧត្តមក៏បានផ្តាំផ្ញើ ប្រធានមន្ទីរទេសចរណ៍ ដែលទើបនឹងតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ និងដឹកនាំអង្គភាពឱ្យទទួលបាន ប្រសិទ្ធភាពខ្ពស់ដោយអនុវត្ត តាមនយោលបាយរាជរដ្ឋាភិបាល។ នៅក្នុងពីធីនេះផងដែរឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រគល់ប្រកាស និង ត្រា ទៅដល់ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុថ្មី និងមានប្រសាសន៍ អោយមន្រ្តី នៃមន្ទីរទេសចរណ៍ឱ្យចេះសាមគ្គីគ្នា ធ្វើកិច្ចការផ្សេងៗសូមចេះឆ្លងកាត់យោបល់ និងសុំយោបល់ ការឯកភាព ពីឯកឧត្តម អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្ត។
ជាបន្តបើកកិច្ចប្រជុំកិច្ចបូកសរុបការងារជាមួយវិស័យឯកជន ដែលបើកកិច្ចប្រជុំដោយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ហើយកិច្ចប្រជុំនេះក៏បានបង្ហាញពីបទបង្ហាញស្តីពីទេសចរណ៍ចិន និងត្រៀមលក្ខណៈសម្បត្តិទទួលទេសចរណ៍ចិន (China Ready) សម្រាប់ទេសចរណ៍ កម្ពុជា។ បន្ថែមពីលើនោះឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានថ្លែងឱ្យដឹងផងដែរថា យើងត្រូវ ពង្រឹងនូវជំនាញភាសាចិន បន្ថែមទៀតដើម្បីត្រៀមលក្ខណៈសម្បត្តិទទួលទេសចរណ៍ចិន ។ឯកឧត្តម យន្ត មីន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុបានថ្លែងអោយដឹងថា វិស័យទេសចរណ៍ បាននាំមកនូវសារៈប្រយោជន៍ជាតិជាច្រើន និងថវិការជាតិ ហើយទន្ទឹមនិងភាពរីកចម្រើននេះវិស័យទេសចរណ៍ក៏បាននាំមកនូវផលប៉ះពាល់មួយចំនួនផងដែរ។ ។ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុក៏បានអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងវិស័យឯកជនទាំងអស់ជួយគាំទ្រ និងសហការជាមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ អោយបានសកម្ម និងល្អប្រសើរដើម្បីជុំរុញ វិស័យទេសចរណ៍នៅខេត្តព្រះសីហនុ យើងអោយកាន់តែរីកចម្រើន និងល្បីល្បាញបន្ថែមទៀត។(សម្បត្តិ)