Home / ព័ត៌មានទូទៅ / គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុក នៅខេត្តព្រះសីហនុ ទទួលបានការឯកភាពជាគោលការណ៍ពីក.អ.ក

គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុក នៅខេត្តព្រះសីហនុ ទទួលបានការឯកភាពជាគោលការណ៍ពីក.អ.ក

នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគបង្កើត រោងចក្រកែច្នៃឈើដាំដុះក្នុងស្រុក នៅក្នុងភូមិសាស្ត្រ ភូមិពូធឿង សង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ វេទយិតភាព និងពិនិត្យលទ្ធភាព នៃគម្រោងដែលបានដាក់ស្នើមក ក.អ.ក។
សូមជម្រាបថា គម្រោងរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុកនេះ នៅពេលដាក់ដំណើរការពេញលេញរោងចក្រនឹងត្រូវការកម្លាំងពលកម្មសរុប ប្រមាណ១៧០នាក់ ហើយមានគោលដៅនាំចេញ៩០% និងផ្គត់ផ្គង់តម្រូវការក្នុងស្រុក១០%។
ជាលទ្ធផលបឋម សំណើសុំវិនិយោគបង្កើតរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុកនេះ ទទួលបានការឯកភាពជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពីអង្គប្រជុំ។