នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំត្រីមាស នៃគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងគម្រោង ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្តគោលដៅទាំង ៥ លោកអភិបាលក្រុង-ស្រុក និងភាគីពាក់ព័ន្ធសរុបសមាសភាព ៥៦ រូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម ចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ និង លើកទិសដៅការងារបន្ទាប់ នៃការអនុវត្តការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។
ជាការចូលរួម លោកអភិបាលរង បានបញ្ជាក់បន្ថែមអំពី ចក្ខុវិស័យ និងទិសដៅបន្ទាប់នៃការគ្រប់គ្រងសំរាមនៅទូទាំងខេត្តព្រះសីហនុ ព្រមទាំងបានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
គួរបញ្ជាក់ថា «គម្រោងធ្វើឲ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា» ត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នៅកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដែលមានទិសដៅស្រប និងបំពេញបន្ថែមទៅលើ «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(២០២១-២០៣០)» ដែលបានកំណត់ថា ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការអនុវត្តមុខងារជាកាតព្វកិច្ចមួយដែលបានកំណត់នៅក្នុងសមាសភាគទី៥ ដោយផ្តោតលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។













