Home / ព័ត៌មានទូទៅ / រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍បង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” ប្រចាំសួនកសិ-ឧស្សាហកម្ម ស្ថិតនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ

រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍បង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” ប្រចាំសួនកសិ-ឧស្សាហកម្ម ស្ថិតនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ

នារសៀល ថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការបង្កើត និងដំណើរការការិយាល័យ “ច្រកចេញចូលតែមួយ” នៅសួនកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK (CAMBODIA) PLC ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។
ជាលទ្ធផល, អង្គប្រជុំបានគាំទ្រលើការបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” និង ត្រៀមចូលរួមសម្របសម្រួលតាមភារកិច្ចរៀងៗខ្លួន ដើម្បីជំរុញដំណើរការការិយាល័យនេះ ក្នុងពេលឆាប់ខាងមុខ។
សូមជម្រាបជូនថា សួនកសិ-ឧស្សាហកម្មនេះ មានផ្ទៃដីទំហំ ៨០ ហិកតា ជាមួយទុនវិនិយោគ ១០០ លានដុល្លារអាមេរិក ដែលបង្កើតឡើង ដើម្បីជំរុញការកែច្នៃ និង ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការផ្តល់សេវានានា ជាខ្សែច្រវាក់ផលិតកម្មប្រមូលផ្តុំ និង មានចរិតជាប្រព័ន្ធអេកូឡូស៊ី ដូចជា ការលាងសម្អាត ឃ្លាំងត្រជាក់ ឃ្លាំងសម្ងួត ការកែច្នៃ និង ការវេចខ្ចប់ ជាដើម។ ការបង្កើតសួនកសិ-ឧស្សាហកម្មនេះ មានទិសដៅស្របនឹងអាទិភាពរបស់រាជរដ្ឋាភិបាល ដែលអាចក្លាយជាសួនសាកល្បង និងគំរូមួយ សម្រាប់រៀនសូត្រ និងដកស្រង់ពិសោធន៍ក្នុងការអភិវឌ្ឍសួន ឬ តំបន់កសិ-ឧស្សាហកម្មនៅកន្លែងដទៃទៀត។