ខេត្តព្រះសីហនុ៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋបាលព្រៃឈើ ខេត្តព្រះសីហនុ ដាំកូនឈើនៅវត្តព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា
ដើម្បីអបអរសាទរបុណ្យរុក្ខទិវាជាតិ៩ កក្កដា ឆ្នាំ២០១៦នេះ ក្រោម វត្តមានអញ្ជើញចូលរួមពីលោក សុខ ផន អភិបាលរង នៃគណៈអភិបាលខេត្ត និង ឯកឧត្ដម ខេង តេង សមាជិកក្រុមប្រឹក្សាខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរស្ថាប័នខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករបាននាំយកកូនឈើប្រភេទ គគីរ ឈើទាល ក្រញូងចំនួន ២.២០០ ដើម ទៅដាំនៅក្នុងបរិវេន វត្តព្រៃ ប្រសិទ្ធ ភូមិស្ទឹងឆាយ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
បើតាមរបាយការណ៍របស់ លោកឌី សុខុមនាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះសីហនុ អោយដឹងថាបុណ្យរុក្ខទិវា ជាតិនៅថ្នាក់ខេត្ត ឆ្នាំនេះ សម្រាប់ខេត្តព្រះសីហនុខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រពីអាជ្ញាធរដែនដី ព្រមទាំងអង្គភាពស្ថាប័ននានាជុំវិញខេត្ត ដែលមានខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះសីហនុរួមសហការក្នុងនោះ នៅខេត្តព្រះសីហនុ លើកទី១ ធ្វើឡើងក្នុងខែកក្កដា ឆ្នាំ១៩៩២ ហើយការដាំដើមឈើនេះ បានកើតឡើងតាំងពីទសវត្សទី៣០មកម្ល៉េះ ក្រោមព្រះរាជកិច្ច ដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ មានឈ្មោះថា "ទិវាហត្ថកម្មដាំដើមឈើ" យោងតាមស្ថិតិ ព្រៃឈើកម្ពុជា ឆ្នាំ២០១០ បានឲ្យដឹងថាខេត្តព្រះសីហនុមានផ្ទៃដីសរុប២៨៦.៤៩២ហត ក្នុងនោះដីព្រៃឈើមាន១៦៦.០៥៥ហត និងដី មិនមែនព្រៃឈើមាន១២០.៤៣៧ហត ក្នុងកម្មវិធីព្រៃឈើ ជាតិត្រូវអោយបាននូវគំរបព្រៃឈើ៦០% នៃផ្ទៃដីទាំងមូល សម្រាប់រយៈពេលត្រឹមឆ្នាំ២០១៥។
ក្នុងទិសដៅបន្ត ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ បានរួមសហការជាមួយ អាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ និងអង្កការ ក្រៅ រដ្ឋាភិបាលនានាលើកកំពស់ស្មារតី ជំរុញនិងអនុវត្តន៍ការងារដាំឈើឡើងវិញ នៅលើដីទំនេរនិងដីព្រៃលិចទឹក ព្រមទាំងចលនា ប្រជាពលរដ្ឋដាំដើមឈើ នៅគ្រប់ទីកន្លែង និងបានបណ្ដុះកូនឈើចម្រុះ គ្រប់ប្រភេទ ចំនួន៥២.៨៧២ ដើម ក្នុងនោះឈើហូបផ្លែ មានចំនួន២.០០០ដើម ឈើរយៈពេលខ្លី៤០.០០០ដើមឈើរយៈពេលវែង១០.៨៧២ដើមសំរាប់ធ្វើការចែកចាយជូនប្រជាពលរដ្ឋ ព្រះសង្ឃ និងស្ថាប័នហើយក្រៅពីនេះ ខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះសីហនុក៏បានត្រៀមរៀបចំកូនឈើរាប់មឺុនដើមទៀតសំរាប់ ចែកជូនទៅតាមបណ្ដា ស្រុក ក្រុង សាលារៀន វត្តអារាម មន្ទីរអង្គភាព ស្ថាប័នក្នុងខេត្ត ដើម្បីដាំជាបន្តបន្ទាប់ ។
លោក ឌី សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបានបញ្ជាក់ថាក្រោមចក្ខុវិស័យដ៏ភ្លឺស្វាងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រងលើវិស័យព្រៃឈើដើម្បីទប់ស្កាត់ និងស្ដារឡើងវិញនូវធនធានព្រៃឈើដោយបានដាក់ចេញនូវវិធានការជាច្រើនដូចជាបទបញ្ជាលេខ០២ ប្រកាសលេខ០១ និងប្រកាសលេខ០៦ ស្ដីពីវិធានការគ្រប់គ្រង និងលប់បំបាត់ភាពអនាធិបតេយ្យ ក្នុងវិស័យព្រៃឈើនិងជំរុញការ ការពារថែទាំ និងដាំដើមឈើឡើងវិញ បញ្ចូលក្នុងតំបន់ការពារទីជម្រាលក្បាលឆាយនិងតំបន់ជុំវិញចាប់ពីឆ្នាំ១៩៩៧ ដល់ ឆ្នាំ២០១៦ បានចំនួន ៣.១០៥ហត ជាប្រភេទអាស្យា ឈើទាល គគីរ ផ្ទៀក ក្រញូង និងបេង។
ឯកឧត្តម មានប្រសាសន៍សំណេះសំណាល នៅក្នុងពិធីនេះដោយចាត់ទុកថា ការប្រារព្វទិវាដាំកូនឈើ គឺមានអត្ថន័យ និងសារៈសំខាន់ យ៉ាងជ្រាលជ្រៅបំផុត សំរាប់បំផុសស្មារតី ដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់អោយចូលរួម យ៉ាង សកម្មក្នុងការដាំដុះ ថែរក្សា ការពារព្រៃឈើ និងអភិវឌ្ឍធនធានព្រៃឈើឲ្យកាន់ តែសម្បូរឡើង ធ្វើជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ លើកកំពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនិងការពារបរិស្ថាន៕ រតនៈ
រូបភាព លោក ខេង សីហា ទទក