នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុម
ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះមានការអញ្ជើញចូលរួមពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៨, តំណាងសភាពាណិជ្ជកម្មកម្ពុជា និងអ្នកជំនាញនៃកម្មវិធី CAPREDផងដែរ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យលើលទ្ធផលការងារដែលសម្រេចបាន ពិសេស (១)វិធានការដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩កន្លងមក និង(២)លទ្ធផលប្រជុំដោះស្រាយបញ្ហានានារបស់ក្រុមការងារទាំង១៦ក្នុងក្របខណ្ឌវេទិកា G-PSF ក្នុងឆ្នាំ២០២៤។ ក្រោយពីពិនិត្យក្នុងក្របខណ្ឌបច្ចេកទេសរួចរាល់ គ.ស.រ.ជ. នឹងដាក់សេចក្តីព្រាងរបាយការណ៍ឆមាសទី២ នេះជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីធ្វើការពិនិត្យនិងសម្រេចនាពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាវេទិកាថ្នាក់ជាតិ និងជាយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជជែកសន្ទនាជាមួយផ្នែកឯកជន ដើម្បីស្វែងយល់អំពីសំណូមពរ និងបញ្ហាប្រឈមនានាដែលវិស័យឯកជនបានជួបប្រទះក្នុងកិច្ចការអនុវត្តអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ គណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន គឺជាសេនាធិការរួមរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការសម្របសម្រួលនិងរៀបចំវេទិកានេះ។ ក្រុមការងារតាមវិស័យទាំង១៦ ស្ថិតក្រោមការសម្របសម្រួលពីគណៈកម្មាធិការ ត្រូវបានដឹកនាំដោយផ្ទាល់ពីថ្នាក់ដឹកនាំស្ថាប័នមានសមត្ថកិច្ច ដើម្បីជជែកពិភាក្សា និងស្វែងរកដំណោះស្រាយលើសំណើសុំនានារបស់វិស័យឯកជន៕








