នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម «កិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យតាមដានការអនុវត្តគម្រោងវិនិយោគ» ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក.អ.ក. ឯកឧត្តមអគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក.) ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ឯកឧត្តមអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក.អ.ក. និងគ.វ.ក. ឯកឧត្តមអភិបាល ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលរាជធានី/ខេត្តទាំង២៥ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលជំរុញការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាព នៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី បង្កើតជាទិន្នន័យប្រមូលផ្ដុំ និងបង្កលក្ខណៈងាយស្រួលក្នុងការត្រួតពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្តគម្រោងវិនិយោគ ដោយស្មារតីសហការគ្នាដ៏រស់រវើក ប្រកបដោយសហថាមពល ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” គាំទ្រការសម្រេចឱ្យបាននូវទិសដៅប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។







