នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ គីម សុភ័ក្ភ្រ ម៉ាង ស៊ីណេត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា និងអ្នកគ្មានទីពឹង ចំនួន៤០ គ្រួសារដែលរស់នៅក្នុងឃុំទាំង៤ នៃស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ គីម សុភ័ក្ភ្រ ម៉ាង ស៊ីណេតបានពាំនាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចសង្គហបណ្ឌិត ម៉ែន សំអនឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ក៏ដូចជាឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលជានិច្ចកាលលោកតែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ជាពិសេសដោយមើលឃើញនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋចំនួន៤០គ្រួសារ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងនាមប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បាននាំយកអំណោយមកផ្ដល់ជូននាពេលនេះ។ ចំពោះអំណោយដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយដាច់ស្បៀងអាហារ ឬខ្វះការយកចិត្តទុកដាក់ឡើយ។
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នប្រធានព្រឹទ្ធសភា បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងធ្វើឱ្យមានការអភិវឌ្ឍន៍ ដោយបានដាក់ចេញនូវគោលនយោបាយ និងកំណែទម្រង់នានាឱ្យកាន់តែប្រសើរឡើងទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងគ្រប់វិស័យផងដែរ។ ដោយមានការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍន៍លើគ្រប់វិស័យ មិនតែប៉ុណ្ណោះសម្តេចបានគាំទ្រ និងលើកកម្ពស់ សកម្មភាពការងាររដ្ឋបាល ការងារមនុស្សធម៌ ការដោះស្រាយនូវសំណូមពរនានានៅមូលដ្ឋាន ធានាឆ្លើយតបនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
លោកជំទាវ សូមថ្លែងអំណរគុណជូនចំពោះ លោកជំទាវ ជ្រាពៅ លូ គឹមឈន់ អនុប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសប្បុរសជនមួយចំនួនទៀត ដែលបានចូលរួមចំណែកជាថវិកាក្នុងការ រៀបចំអំណោយជា សម្ភារៈ និងថវិកានាថ្ងៃនេះ។
ក្នុងឱកាសនេះ លោកជំទាវ បាននាំយកអំណោយជាសម្ភារៈ និងថវិកាចែកជូនក្រុមគ្រួសារទាំង ៤០ ក្នុងស្រុកកំពង់សីលា ដោយក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ ចំនួន ២៥ គីឡូ
-មី ចំនួន ១ កេសតូច
-ត្រីខ ចំនួន១ យួរ
-ទឹកត្រី ចំនួន១ យួរ
-កន្ទេល ចំនួន ១
-ក្រម៉ា ចំនួន ១
-សារ៉ុង ចំនួន ១
-នំពារ ចំនួន ២ ប្រអប់ ព្រមទាំងថវិកា ចំនួន១០០,០០០ រៀល៕