សូមជម្រាបជូនថា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ សកម្មភាព នៃការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតដែលមានកក់កំណកប្រេង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅតែបន្តធ្វើ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត។
សូមជម្រាបជូនថា ស្ថានភាពឆ្នេរព្រែកត្រែង និងផ្ទៃទឹកសមុទ្រនាពេលនេះ មានសភាពល្អប្រសើរច្រើនហើយ ប៉ុន្តែក្រុមការងារនៅតែបន្តធ្វើការសម្អាត និងតាមដានយ៉ាងចិត្តទុកដាក់ ដើម្បីធានាថាគុណភាពទឹកសមុទ្រនឹងវិលទៅរកស្ថានភាពដូចដើមវិញ។
រដ្ឋបាលខេត្ត សូមការយោគយល់ពីចំពោះបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងមកកំសាន្ត នៅឆ្នេរព្រែកត្រែង បងប្អូនអាចលេងកំសាន្តនៅលើឆ្នេរខ្សាច់ជាធម្មតា ប៉ុន្តែសូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពជូនក្រុមការងារបន្តធ្វើការសម្អាត និងចៀសវាងផលប៉ះពាល់ផ្សេងៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន។