នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរ អង្គញភាពជុំវិញខេត្តចំនួន ៦១៩នាក់។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះស៊ីហនុ បានថ្លែងស្វាគមន៍ថា ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិរបស់ស្ត្រី និងក្មេងស្រី រដ្ឋបាលខេត្តព្រះសីហនុ បានបង្កើនចំនួនស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធដឹកនាំ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងបានបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងសុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ ទប់ស្កាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី និងអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រ អំពើជួញដូរ និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ ជាពិសេសបានចាត់វិធានការក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យនានាដែលប៉ះពាល់ដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រីនៅតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ពិធីនាថ្ងៃនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជូនដល់សមាជិក សមាជិកាទាំងអស់ដែលបានចូលរួមនាថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានរំលឹកដល់សាវតារបស់សមាគមនារី ដោយបានរំលេចនូវប្រវត្តិនៃការកកើតសមាគម រួមទាំងដំណើរវិវត្តរបស់សមាគមតាំងពីដំណាក់កាលចូលរួមពលី រំដោះជាតិ មាតុភូមិ និងការចូលរួមក្នុងសកម្មភាពសង្គម ការងារមនុស្សធម៌ជាបន្តបន្ទាប់ក្នុងសម័យសន្តិភាព។ ស្របពេលជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងនូវគំរូវីរភាពរបស់ថ្នាក់ដឹកនាំដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរចំពោះលោកជំទាវ គីម សុភ័ក្ត្រ ប្រធានកិត្តិយសគណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្ត ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមនូវសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាពក្នុងការងារសង្គម ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទី ភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខានៅទូទាំងអង្គភាពកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នង ដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា»៕