Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា

ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភាដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ស្វាគមន៍ប្រតិភូគណៈកម្មការទី៩ ដើម្បីចុះសិក្សាឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានា ក្នុងរង្វង់វិស័យការងារទាំង៧ នៅក្នុងខេត្តព្រះសីហនុមានដូចជា៖ សាធារណការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យានាវានុវត្តន៍ រ៉ែ ថាមព ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅខេត្តព្រះសីហនុ។ ស្របពេលដែលប្រជាជនកម្ពុជាកំពុងរស់នៅជាមួយនឹងផ្ការីកនៃសន្តិភាព និងទទួលបានផ្លែផ្កាពីសន្តិភាព ដែលនាំមកនូវភាពរីកចម្រើនប្រកបដោយសុខុដុមនីកម្ម និងផលជាវិជ្ជមានដល់ប្រជាពលរដ្ឋគ្រប់រូប។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានជំរាបជូនពីស្ថានភាពទូទៅ និងសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបានក្នុងរយៈពេលកន្លងមកដូចខាងក្រោម៖ ខេត្តព្រះសីហនុ ចែកចេញជា ២ក្រុង ៣ស្រុក ស្មើនឹង ២៣ឃុំ ៦សង្កាត់ មាន ១១១ភូមិ (ថ្មីៗនេះរាជរដ្ឋាភិបាលទើបបានបង្កើតក្រុងថ្មី ឈ្មោះក្រុងកំពង់សោម) ខេត្តមានកោះតូច ធំ​ចំនួន៣២ ថ្មដុះ១ និងថ្មប៉ប្រះទឹក៥ ឆ្នេរសមុទ្រប្រវែង១៧៥,៨១គីទ្បូម៉ែត្រ។ ក្នុងឆ្នាំ២០២៣ ខេត្តព្រះសីហនុទទួលបានផលិតផលសរុបចំនួន ១.៦១៦,៧លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់(GDP) ចំនួន ៤.៦០២​ដុល្លារ​អាមេរិក មានអត្រាកំណើនសេដ្ឋកិច្ច ៦ភាគរយ កាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម ១,២២%។ ក្រៅពីនេះខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេស អាកាសយានដ្ឋានអន្តរជាតិ ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក (កំពង់ផែសមុទ្រទឹកជ្រៅ) ត្រូវបានអភិវឌ្ឍជា៣ដំណាក់កាលចាប់ពីឆ្នាំ២០២៤ មានជំរៅទឹក ១៣,៥០ម៉ែត្រ រហូតដល់ឆ្នាំ២០២៩ ដែលមានជំរៅទឹក ១៧,៥០ម៉ែត្រ ដែលអាចឱ្យនាវាដឹកទំនិញនៅលើពិភពលោកធ្វើចរាចារណ៍ អាចចូលចតបាន។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ជាលទ្ធផលក្រុមការងារជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ២៤២គម្រោង ក្នុងនោះគម្រោងទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ២១៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៦ពាន់លានដុល្លារ (៦.០២១.៨០១.២០០ដុល្លារ)។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ផ្តល់ឱកាសឱ្យក្រុមការងារគណៈកម្មការទី៩ បានចូលជួបធ្វើការពិភាក្សាការងារ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ពីឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏ដូចជាមន្ត្រីជំនាញរួចមក ប្រតិភូគណៈកម្មការទី៩ ពិតជាមានមោទនភាពក្នុងការបំពេញការងារក្នុងខេត្តព្រះសីហនុបានយ៉ាងល្អ។ ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ សម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
លោកជំទាវ បានបញ្ជាក់ពីគោលបំណងបំពេញបេសកកម្មមកកាន់ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីវិស័យការងារចំនួន៧ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុមានដូចជា៖ វិស័យសាធារណការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យានាវានុវត្តន៍ រ៉ែ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ដោយផ្តោតសំខាន់សម្រេចបាននូវសមិទ្ធផលជាច្រើនស្របតាមយុទ្ធសាស្ត្រគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ សង្ឃឹមថា គោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យ និងស្វែងយល់ពីការលំបាក បញ្ហាប្រឈម និងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ទាក់ទងទៅនឹងវិស័យនីមួយៗ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដោយផ្តោតសំខាន់លើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ស្របតាមការវិវត្តឧស្សាហកម្មថ្មីៗនៃប្រទេសជាតិ ឆ្លើយតបទៅនឹងបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន៕