Home / ព័ត៌មានទូទៅ / លោក ឯម ភាពអភិបាលរងខេត្តបានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បំពេញទស្សនកិច្ច និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តបាកលីវ សាធារណរដ្ឋសង្គមនិយមវៀតណាម

លោក ឯម ភាពអភិបាលរងខេត្តបានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បំពេញទស្សនកិច្ច និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តបាកលីវ សាធារណរដ្ឋសង្គមនិយមវៀតណាម

នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោក ឯម ភាពអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បំពេញទស្សនកិច្ច និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តបាកលីវ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម នាពេលខាងមុខ។

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញមកខេត្តបាកលីវ និងជូនពរ ថ្នាក់ដឹកនាំខេត្តបាកលីវ ព្រមទាំងកម្មាភិបាល និងប្រជាជនខេត្តបាកលីវ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។ នេះជាឱកាស និងពេលវេលាដ៏មានអត្ថន័យបំផុត ដែលខេត្តសម្ព័ន្ធមេត្រីភាពរបស់យើងទាំងពីរបានជួបជុំគ្នា និងសួរសុខទុក្ខគ្នាដែលជាកាយវិការដ៏ប្រពៃ និងជាទំនៀមទំលាប់ដ៏ល្អផូរផង់ដែលប្រទេសយើងទាំងពីរ មានការទំនាក់ទំនង និងជួយគ្នាទៅវិញទៅមកតាំងពីយូរយារណាស់មកហើយ។ ជាមួយនេះលោក អភិបាលរងខេត្ត សូមប្រសិទ្ធិពរបវរសួស្តី មហាប្រសើរជូនដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាពិសេសជូនចំពោះឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាជនវៀតណាមខេត្តបាកលីវទាំងអស់ សូមប្រកបដោយសេចក្តីសុខ និងសេចក្តីចម្រើនរុងរឿង ហើយសូមឱ្យចំណងសាមគ្គីភាព មិត្តភាព កម្ពុជា-វៀតណាម ជាពិសេស ខេត្តព្រះសីហនុ-ខេត្តបាកលីវ ឋិតថេរជានិច្ចនិរន្តរ៍។
ឆ្លៀតក្នុងឱកាសនេះលោកអភិបាលរងខេត្ត ជំនួសមុខឱ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត សូមគោរពអញ្ជើញឯកឧត្តមប្រធានទៅទស្សនកិច្ច និងចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងខេត្តព្រះសីហនុ និងខេត្តបាកលីវ នៅពេលវេលាសមស្របណាមួយនាពេលខាងមុខ។
ឯកឧត្តម ផាម វ៉ំាង ថេវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ពិតជារីករាយដែលបានទទួលដំណើររបស់គណៈប្រតិភូខេត្តព្រះសីហនុ ដែលបានអញ្ជើញបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំបក្ស និងរដ្ឋ នៃខេត្តបាកលីវ។ ជាមួយគ្នានេះឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានជម្រាប់ជូនអំពីសមិទ្ធផលនៃការអភិវឌ្ឍខេត្តបាកលីវ នៅក្នុងឆ្នាំ២០២៤ ជូនដល់គណៈប្រតិភូខេត្តព្រះសីហនុផងដែរ។ ហើយចំណងមិត្តភាព និងសហប្រតិបត្តិការ រវាងខេត្តព្រះសីហនុ និងខេត្តបាកលីវ ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា ហើយឯកឧត្តមនឹងទទួលការអញ្ជើញរបស់ខេត្តព្រះសីហនុ រៀបចំពេលវេលាដែលសាកសមដើម្បីអញ្ជើញទៅកាន់ខេត្តព្រះសីហនុដ៏ស្រស់ស្អាត ដើម្បីបង្កើនចំណងមិត្តភាពរវាងខេត្តទាំងពីរកាន់តែកក់ក្តៅ។
ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខេត្តបាកលីវ សូមប្រសិទ្ធពរជូនចំពោះគណៈប្រតិភូខេត្តព្រះសីហនុ ទទួលបាននូវជ័យជំនះ សុខភាពល្អបរិបូរណ៍ និងលទ្ធផលល្អថែមទៀតក្នុងការដឹកនាំកសាងខេត្តព្រះសីហនុឱ្យកាន់តែស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកំសាន្តកាន់តែច្រើន។ គណៈប្រតិភូខេត្តព្រះសីហនុបានជូនកាដូរអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តបាក់លីវ សាធារណរដ្ឋសង្គមនិយមវៀតណាម ហើយខាងថ្នាក់ដឹកនាំខេត្តបាក់លីវ ក៏មានជាវត្ថុអនុស្សាវរីយ៍ ក៏ដូចជាកាដូរជូនដល់គណៈប្រតិភូខេត្តព្រះសីហនុវិញផងដែរ៕