Home / ព័ត៌មានទូទៅ / ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ប្រធានសមាគមន៍សណ្ឋាគារ និងក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរណ៍។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍បើកកិច្ចប្រជុំ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ដើម្បីរិះរកវិធីឱ្យភ្ញៀវស្នាក់នៅខេត្តព្រះសីហនុបានយូរ យើងធ្វើការពិភាក្សារកចន្លោះប្រហោងខ្វះខាត ក្នុងការចូលរួមកែលម្អ ពិសេសក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរតាមនាវា ជំរុញផ្សព្វផ្សាយពីវិស័យទេសចរណ៍សំខាន់ៗរបស់ខេត្តដល់ភ្ញៀវទេសចរឱ្យបានទូលំទូលាយស្តីអំពីវប្បធម៌ អរិយធម៌នៅតាមក្រុង ស្រុក នៃខេត្តព្រះសីហនុ។ ជំរុញកែលម្អគោលដៅសម្រាប់ការផ្សព្វផ្សាយ ដើម្បីចាប់ដៃគូរសម្រួលក្នុងការដឹកជញ្ជូនភ្ញៀវ រុញច្រានតំបន់ទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ឱ្យបានផុលផុសបន្ថែមទៀត ដូច្នេះក្រុង ស្រុក នីមួយៗត្រូវរៀបចំផ្សព្វផ្សាយតំបន់ទេសចរណ៍របស់ខ្លួន ដើម្បីដាក់បង្ហាញផ្សព្វផ្សាយឱ្យបានទូលំទូលាយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវទេសចរតាមនាវា និងតាមជើងយន្តហោះ ដើម្បីឱ្យពួកគាត់ស្នាក់នៅបានយូរក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរតាមនាវា ក៏ដូចជាការដឹកជញ្ជូនភ្ញៀវទេសចរតាមជើងហោះហើរ និងតាមផ្លូវផ្សេងទៀត ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងតំបន់កម្សាន្តនានាក្នុងខេត្តទៅដល់ពិភពលោក ទន្ទឹមនោះរៀបចំអំពីវប្បធម៌មានដូចជាការសម្តែងសិល្បៈ ពិព័រណ៌ផលិតផលវប្បធម៌ ស្វែងយល់ពីសម្បត្តិបតិកភណ្ឌជាតិ វត្ថុអនុស្សាវរីយនានា ម្យ៉ាងទៀតការស្វាគមន៍ទទួលរាក់ទាក់ជាកត្តាសំខាន់មួយក្នុងការទាក់ទាញភ្ញៀវមកកាន់ខេត្តព្រះសីហនុរបស់យើង។
តាមរបាយការណ៍ពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន បានទទួលជើងហោះហើរចំនួន៤ ក្នុងនោះក្នុងស្រុកមានមួយ ១.ព្រះសីហនុ សៀមរាម ២.វៀតណាម ព្រះសីហនុ ៣.ម៉ាឡេស៊ី ព្រះសីហនុ ៤.ការហ្សាក់ស្ថាន ព្រះសីហនុ សម្រាប់ចំនួនជើងហោះហើរសម្រាប់ពីខែវិច្ឆិកា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ មានការកើនឡើងគួរឱ្យគាត់សម្គាល់ សង្ឃឹមថា នៅឆ្នាំ២០២៥ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុទទួលជើងហោះហើរពីបរទេស និងមានភ្ញៀវទេសចរមានការកើនឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន៕