Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូកងទ័ពជើងទឹក នៃសាធារណៈរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូកងទ័ពជើងទឹក នៃសាធារណៈរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូកងទ័ពជើងទឹក នៃសាធារណៈរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូកងទ័ពជើងទឹក នៃសាធារណៈរដ្ឋកូរ៉េ ដែលបានចូលចតនាវានៅកំពង់ផែស្វយ័តក្រុង

ព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសការទស្សនកិច្ចនៅខេត្តព្រះសីហនុ ដែលជាខេត្តស្ថិតនៅភាគខាងត្បូង ឈាងខាងលិច នៃរាជធានីភ្នំពេញ មានប្រជាពលរដ្ឋជាង ៣១ម៉ឺននាក់ ចែកចេញ ៦ក្រុង ស្រុក ដោយឡែកក្រុងព្រះសីហនុ មានប្រជាពលរដ្ឋ ១៤ម៉ឺននាក់ និងជាខេត្តជាប់មាត់សមុទ្រ មានកោះ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ និងមានកំពង់ផែសមុទ្រទឹកជ្រៅធំជាងគេនៅកម្ពុជា។ រាជរដ្ឋាភិបាល កំពុងបានសហការជារដ្ឋាភិបាលជប៉ុន ពង្រីកកំពង់ផែទឹកជ្រៅនេះរហូតមានជម្រៅទឹក ១៧,៥០ម៉ែត្រ គ្រោងបញ្ចប់នៅឆ្នាំ២០២៩ ខេត្តព្រះសីហនុមានការអភិវឌ្ឍផ្នែកវិស័យទេសចរណ៍ ដឹកជញ្ជូន ឧស្សាហកម្ម ខេត្តមានតំបន់សេដ្ឋកិច្ចចំនួន១១ ស្រូបយកកម្លាំងពលកម្មជាង ៤ម៉ឺននាក់។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រោយវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលបានរៀបចំផែនការមេតម្រង់ទិសអភិវឌ្ឍវិស័យជាច្រើនបន្ថែមទៀត ពង្រីកវិស័យឧស្សាហកម្ម រោងចក្រកែឆ្នៃម្ហូបអាហារនាំចេញ ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ទន្ទឹមនោះខេត្តព្រះសីហនុ មានអគារជាច្រើនមិនទាន់សាងសង់រួច មូលហេតុបណ្តាលមកពីវិបត្តិកូវីដ-១៩ និងការកែច្បាប់អនឡាញជាដើម ម្យ៉ាងទៀតជួបផលប៉ះពាល់នឹងវិបត្តិសេដ្ឋកិច្ចសកល និងសង្គ្រាមនៅប្រទេសមួយចំនួនផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសលើកទឹកចិត្តជំរុញការវិនិយោគខេត្តព្រះសីហនុឆ្នាំ២០២៤ បានធ្វើការដោះស្រាយអគារជាប់គាំងបានចំនួន៨៨ ក្នុងចំណោមអគារ ៣៦៥ ទន្ទឹមនោះ ក៏មានគម្រោងត្រូវបានចុះបញ្ជីពង្រីកថ្មីបន្ថែមផងដែរ។
លោក អភិបាលរងខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុ បានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុងនៃសាធារណៈរដ្ឋកូរ៉េ មានដូចជាក្រុងឆាងវ៉ុន និងទីក្រុងហ្គូរី បច្ចុប្បន្នមានប្រជាពលរដ្ឋកូរ៉េកំពុងស្នាក់នៅ និងបំរើការងារក្នុងខេត្តព្រះសីហនុ ចំនួន ១៧៤នាក់ ស្រី ២៧នាក់ មានដូចជា សណ្ឋាគារ ផ្ទះជួល ខុនដូ សហគ្រាស គ្រឹះស្ថានសិក្សា អាជីវកម្មផ្សេងៗ ក្រៅពីនោះក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ បានមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ បានជាង ៦០០នាក់។
លោក បានបន្តថា ឆ្នាំ២០២៤ ខេត្តព្រះសីហនុ ទទួលនាវាយោធាចូលចតចំនួន ៩លើក ក្នុងនោះ នាវាយោធាជប៉ុន ១លើក ស្មើ២គ្រឿង ថៃ ១លើក ស្មើ១គ្រឿង វៀតណាម ១លើក ស្មើ១គ្រឿង ចិន ៣លើក ស្មើ៦គ្រឿង ឥណ្ឌូនេស៊ី ១លើក ស្មើ១គ្រឿង អង់គ្លេស ១លើក ស្មើ១គ្រឿង និងកូរ៉េ ១លើក ស្មើ១គ្រឿង ហើយអាចជាការចូលចតបិទបញ្ចប់សម្រាប់ឆ្នាំ២០២៤នេះ។
លោកវរនាវីត្រី MIN JUNSU មីន ជុនស៊ុ មេបញ្ជាការនាវា នៃកងទ័ពជើងទឹកកូរ៉េខាងត្បូង បានថ្លែងអំណរគុណលោកអភិបាលរងខេត្ត និងសហការីដែលបានអនុញ្ញាតិឱ្យគណៈប្រតិភូនាវាកងទ័ពជើងទឹក នៃសាធារណៈរដ្ឋកូរ៉េ បានចូលជួបសម្តែងការគួរសមនិងពិភាក្សានាពេលនេះ នាវា DDH987 មានអាយុកាល ២០ឆ្នាំ បានចេញបេសកកម្មចំនួន ៤៣លើក អាចផ្ទុកនាវិករហូតដល់ ២៦០នាក់ វាមានសមត្ថភាពប្រយុទ្ធលើអាកាស ក្នុងទឹក និងលើគោក ជាប្រភេទនាវាការពារសុវត្ថិភាពប្រជាពលរដ្ឋ ហើយនេះក៏ជាការចូលចតលើកទី១ ក្នុងប្រទេសកម្ពុជា។ នាវានេះបានបំពេញទស្សនកិច្ចរយៈពេល ៦ខែក្នុងដែនសមុទ្រអាដែន និងបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមានគម្រោងចាកចេញពីកំពង់ផែក្រុងព្រះសីហនុ ឆ្ពោះទៅសាធារណៈរដ្ឋកូរ៉េវិញ អាចមានរយៈពេល ១៦ថ្ងៃ។
ក្នុងឱកាសនោះ លោកមេបញ្ជាការនាវា DDH987 បានថ្លែងអំណរគុណលោកអភិបាលរងខេត្ត និងសហការី ដែលបានធ្វើការអត្ថាធិប្បាយអំពីសក្តានុពល និងកត្តាភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ សម្រាប់នាវិករបស់នាវា DDH987 ធ្វើដំណើរកម្សាន្ត និងដំណើរទស្សនកិច្ចក្នុងក្រុង នៃខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព៕