Home / ព័ត៌មានទូទៅ / ឯកឧត្តម ម៉ាង ស៊ីណេត បានដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាព ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត បានដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាព ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាព ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុកទាំង៥ និងកងកម្លាំងប្រដាប់អាវុធ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ក្នុងគោលបំណងធានានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈសម្រាប់ខេត្តព្រះសីហនុ ដោយពង្រឹងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្លើយតបទៅនិងការគ្រប់គ្រងបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយផ្សេងៗ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់ជាវិជ្ជមានដល់សេដ្ឋកិច្ចសង្គម ជាពិសេសធានាការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ បង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងពាក់ព័ន្ធជាមួយនឹងស្ថាប័ននានាក្នុងការរៀបចំកម្លាំង មធ្យោបាយ និងវិធានការសរុប ដើម្បីចូលរួមអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំឱ្យបណ្តាអង្គភាព កងកម្លាំងចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវកសាងផែនការសកម្មភាពរបស់អង្គភាពរបស់ខ្លួនផ្ទាល់ ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីអនុវត្តផែនការសកម្មភាព ស្តីពីការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យ។
ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាក់ថា ភារកិច្ចគ្រប់គ្រងតាមគោលដៅដែលមានលក្ខណស្មុគស្មាញនៅក្នុងមូលដ្ឋានរួមទាំងទីតាំងកម្សាន្ត សប្បាយមនុស្សពេញវ័យ ទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល រោងចក្រ សហគ្រាស ក្រុមហ៊ុន ដោយធ្វើរដ្ឋបាលចំហរត្រួតពិនិត្យបទល្មើសផ្សេងៗតាមការចាំបាច់ ត្រូវរៀបចំផែនការប្រើប្រាស់កម្លាំង មធ្យោបាយ សម្ភារៈ និងកំណត់ពេលវេលាទីតាំង និងស្ថានភាពជាក់ស្តែង ដើម្បីត្រួតពិនិត្យបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន គ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ រៀបចំ និងគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ទីប្រជុំជន ផ្សារ សាលារៀន រមណីយដ្ឋានទេសចរណ៍ និងតំបន់ឆ្នេរ ទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ ផ្សព្វផ្សាយអប់រំច្បាប់ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ជាពិសេសច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្មេងទំនើង ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ច្បាប់ស្តីពីសំណង់ ច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គីភ័យ និងច្បាប់ផ្សេងៗពាក់ព័ន្ធការពារធនធានធម្មជាតិ និងដីរដ្ឋ .ល.។ ពង្រឹងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការចុះធ្វើវេទិការសាធារណដល់មូលដ្ឋាន ដើម្បីស្តាប់សំណើ សំណូមពររបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ពង្រឹងការរៀបចំសណ្តាប់ធ្នាប់សាធារណឱ្យបានល្អ៕