Home / ព័ត៌មានទូទៅ / លោក ឯម ភាព និងលោក ង្វៀន ថាញ់ញ៉ាន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរយៈពេល ២ឆ្នាំ (២០២២-២០២៣) រវាងខេត្តព្រះសីហនុ (កម្ពុជា) និងខេត្តគៀនយ៉ាង (វៀតណាម)

លោក ឯម ភាព និងលោក ង្វៀន ថាញ់ញ៉ាន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរយៈពេល ២ឆ្នាំ (២០២២-២០២៣) រវាងខេត្តព្រះសីហនុ (កម្ពុជា) និងខេត្តគៀនយ៉ាង (វៀតណាម)

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ និងលោក ង្វៀន ថាញ់ញ៉ាន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរយៈពេល ២ឆ្នាំ (២០២២-២០២៣) រវាងខេត្តព្រះសីហនុ (កម្ពុជា) និងខេត្តគៀនយ៉ាង (វៀតណាម) និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ(២០២៤-២០២៥) នៅសណ្ឋាគារឆ្នេរឯករាជ្យ។

លោក ង្វៀន ថាញ់ញ៉ាន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង មានប្រសាសន៍ថា តាងនាមគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង និងប្រតិភូបានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរយៈពេល ២ឆ្នាំ ២០២២-២០២៣ នៅលើទឹកដីតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ដោយយោងតាមខ្លឹមសារកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ គៀនយ៉ាង-ព្រះសីហនុ កិច្ចប្រជុំថ្ងៃនេះ យើងបានធ្វើការពិភាក្សារួមគ្នានិងដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្ត ២០២៤-២០២៥ ព្រមទាំងបានធ្វើការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យវប្បធម៌ ហើយនៅមានវិស័យមួយចំនួនទៀតមិនទាន់បានទទួលលទ្ធផលល្អ ក្នុងការអនុវត្តនាពេលបច្ចុប្បន្ន ភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពស្និតស្នាល ក្នុងនាមសហប្រធាននៃកិច្ចប្រជុំរវាងភាគីទាំងពីរ និងបានដាក់ចេញកិច្ចការមួយចំនួន៖១.ខេត្តគៀនយ៉ាង និងខេត្តព្រះសីហនុ ពង្រឹងពង្រីកគោលនយោបាយលើគ្រប់វិស័យទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ២.ថ្នាក់ដឹកនាំខេត្តទាំងពីរបន្តកិច្ចសហប្រតិបត្តិការ និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផលរក្សាស្ថេរភាពនៅតាមព្រំដែន រក្សាចំណងសាមគ្កីភាព មិត្តភាព រវាងខេត្តទាំងពីរ ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ៣.ផ្អែកលើខ្លឹមសារនៃកិច្ចប្រជុំ បានផ្តល់អនុសាសន៍ល្អៗសម្រាប់ស្ថាប័ននីមួយៗទទួលបានលទ្ធផលផ្លែផ្កា ដើម្បីធានាស្ថេរភាពជូនប្រជាពលរដ្ឋនៃខេត្តទាំងពីរ យើងខ្ញុំជឿជាក់ថា កិច្ចប្រជុំនាពេលនេះបានពង្រឹងវប្បធម៌ ដោះស្រាយបញ្ហាប្រឈមនានាបានកាន់តែល្អ និងសូមថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការទទួលបានជោគជ័យ ភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច វប្បធម៌ សង្គម និងសន្តិភាព ស្ថេរភាពស្តីពីសន្តិសុខលម្ហសមុទ្រ និងព្រំដែន ដើម្បីប្រជាជនភាគីទាំងពីររស់នៅបានសុខក្សេមក្សាន្ត សុខដុមរមនា និងសុភមង្គល។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍បិទកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់ខេត្តទាំងពីរ បានប្រព្រឹត្តទៅស្របតាមកម្មវិធី និងសម្រេចបានលទ្ធផលគួរជាទីមោទក តាមការគ្រោងទុក។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តគៀនយ៉ាង ដែលសម្រេចបានក្នុងរយៈពេល ០២ឆ្នាំកន្លងមក (២០២២-២០២៣) ភាគីខេត្តទាំងពីរបានបន្តធ្វើការរួមគ្នា ដើម្បីការការពារសន្តិសុខ សុខុមាលភាពសង្គម សុវត្ថិភាពនៃការឆ្លងដែន ការការពារលើដែនសមុទ្រ និងទប់ស្កាត់បទល្មើសនានាជាដើម។ កិច្ចប្រជុំនាពេលនេះបានឆ្លុះបញ្ចាំងអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រមទាំងរកឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងការចែករំលែកនូវបទពិសោធន៍ល្អៗឱ្យគ្នាទៅវិញទៅមក។ ទន្ទឹមនេះដែរ ខ្ញុំស្នើសុំឱ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធត្រូវធ្វើការសហការគ្នាឱ្យបានជិតស្និទ្ធបន្ថែមទៀត និងដាក់ចេញនូវផែនការអនុវត្តការងារជាក់ស្តែងលើកិច្ចការមួយចំនួនដែលនៅមានភាពចន្លោះប្រហោង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរឹងមាំ និងទទួលបានលទ្ធផលល្អប្រសើរថែមទៀត។ ជាពិសេសការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លើកទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេល ២ឆ្នាំបន្ត (២០២៤-២០២៥) ដែលអង្គប្រជុំបានអនុម័ត។ ព្រមជាមួយគ្នានេះ យើងក៏ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបអំពើល្មើសទាំងឡាយដូចជាការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ការជួញដូរស្ត្រី និងកុមារ អំពើឧក្រិដ្ឋកម្មឆ្លងដែន ការឆ្លងដែនខុសច្បាប់ ការឆក់ប្លន់តាមដែនសមុទ្រ និងបណ្ដាបទល្មើសផ្សេងៗទៀត ដែលកើតមាននៅលើដែនសមត្ថកិច្ច នៃខេត្តនីមួយៗ។
លោកអភិបាលរងខេត្ត សង្ឃឹមថា មន្ទីរ-អង្គភាពជំនាញនៃខេត្តទាំងពីរ នឹងបន្តកិច្ចសហការអនុវត្តការងារឱ្យសម្រេចបានជោគជ័យក្នុងផែនការកិច្ចសហប្រតិបត្តិការដែលបានកំណត់ក្នុងទិសដៅភារកិច្ចសម្រាប់រយៈពេល ២ឆ្នាំបន្ត៕