Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់សេចក្តីព្រាងសៀវភៅណែនាំស្តីពីបែបបទ និង នីតិវិធីនៃការគ្រប់គ្រងការវិនិយោគនៅថ្នាក់រាជធានី-ខេត្ត

លោក ឡុង ឌីម៉ង់ អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់សេចក្តីព្រាងសៀវភៅណែនាំស្តីពីបែបបទ និង នីតិវិធីនៃការគ្រប់គ្រងការវិនិយោគនៅថ្នាក់រាជធានី-ខេត្ត

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់សេចក្តីព្រាងសៀវភៅណែនាំស្តីពីបែបបទ និង នីតិវិធីនៃការគ្រប់គ្រងការវិនិយោគនៅថ្នាក់រាជធានី-ខេត្ត ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគ.ជ.អ.ប ដោយមានការអញ្ជើញចូលរួមពី អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានរដ្ឋបាល ថ្នាក់ដឹកនាំ​ និងមន្ត្រីបច្ចេកទេស តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីជំនាញជាច្រើនរូប។
សៀវភៅណែនាំស្តីពីបែបបទ និង នីតិវិធីនៃការគ្រប់គ្រងការវិនិយោគនៅថ្នាក់រាជធានី-ខេត្ត គឺជាឯកសារមួយដែលបានច្របាច់បញ្ចូលគ្នានូវឯកសារគតិយុត្តសំខាន់ចំនួន៤ដូចជា៖
១-ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា,
២-អនុក្រឹត្យលេខ១៨ អនក្រ.បក ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
៣-អនុក្រឹត្យលេខ១២០ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការវិនិយោគ រាជធានី-ខេត្ត,
៤-អនុក្រឹត្យលេខ១៣៩ អនក្រ.បក ស្តីពី ការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលរង បានមានប្រសាសន៍ថា ការចងក្រងរៀបចំសៀវភៅនេះគឺជាសមិទ្ធផលដ៏ល្អប្រសើរមួយ ដែលនឹងរួមចំណែកលើកកម្ពស់ការវិនិយោគនៅកម្ពុជា។ សៀវភៅនេះមិនត្រឹមតែអាចប្រើប្រាស់ជា មគ្គុទេសវិនិយោគនៅកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងជាឯកសារថែទាំនិងទាក់ទាញវិនិយោគទៀតផង។ សៀវភៅណែនាំស្តីពីបែបបទ និង នីតិវិធីនៃការគ្រប់គ្រងការវិនិយោគនៅថ្នាក់រាជធានី-ខេត្តនឹងក្លាយជាជំនួយស្មារតី ជាឯកសារតម្រង់ទិសដល់មន្ត្រីគ្រប់កម្រិតឱ្យមានសហគ្រិនភាព និងជាពិសេសអាចធ្វើជាអ្នកផ្តល់ប្រឹក្សាយោបល់ជូនដល់វិនិយោគិន។ លើសពីនេះ ការរៀបចំតាក់តែងសៀវភៅនេះឡើងក៏នឹងចូលរួមជៀសវាងភាពមិនប្រក្រតីនានាផងដែរ។
ជាលទ្ធផល អង្គប្រជុំទាំងមូលបានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ ព្រមទាំងបានចូលរួមផ្តល់មតិយោបល់បន្ថែមសម្រាប់ជាធាតុចូលតាមជំនាញ និងបច្ចេកទេសរៀងៗខ្លួនក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសៀវភៅនេះកាន់តែមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយមួយកម្រិតទៀត។