Home / ព័ត៌មានទូទៅ / ប្រជុំ បូកសរុប លទ្ធផលសកម្មភាព ការងារសម្រេចបាន ប្រចាំខែមិថុនា ឆ្នាំ២០១៦

ប្រជុំ បូកសរុប លទ្ធផលសកម្មភាព ការងារសម្រេចបាន ប្រចាំខែមិថុនា ឆ្នាំ២០១៦

ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦  នៅសាលាខេត្តព្រះសីហនុបានរៀបចំនូវកិច្ចប្រជុំ បូកសរុបលទ្ធផលសកម្ម ភាពការងារសម្រេចបាន ប្រចាំខែមិថុនា ឆ្នាំ២០១៦

(គិតពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦) និងរបាយការណ៍ប្រចាំឆមាសទី១ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្តសាលាក្រុង ស្នងការ កងកម្លាំងប្រដាប់អាវុធ រួមទាំងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពដែលបោះទីតាំង ក្នុងខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំបានលើកនូវបញ្ហាការត្រួតពិនិត្យ​កែ​សម្រួល​ និងបំពេញបន្ថែមលើរបាយការណ៍ប្រចាំខែមិថុនាឆ្នាំ២០១៦ និងលើកឡើងបញ្ហាប្រឈម សំណើ ដំណោះស្រាយ និងទិសដៅការងារខែបន្ទាប់សម្រាប់ខែកក្កដាឆ្នាំ២០១៦ និងបញ្ហាផ្សេងៗទៀតផង ដែរ។

នៅក្នុងអង្គប្រជុំនេះបានបែងចែករបៀបវារៈជា២ គឺ 
ទី១៖តំណាងតំបន់សឹករងខេត្ត ស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត បញ្ជាការលំហសមុទ្រពិនិត្យ​លើ សេចក្តីព្រាងរាយការណ៍ អំពីការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងក្នុងខេត្ត និងលើកឡើងបញ្ហាប្រឈម សំណើ ដំណោះស្រាយ និងទិសដៅការងារខែបន្ទាប់ឆ្នាំ២០១៦។
ទី២៖ មន្ទីរអង្គភាពជុំវិញខេត្ត ពិនិត្យកែសម្រួលលើរបាយការណ៍ និងធ្វើសេចក្តីរាយការណ៍ពីបញ្ហាសំខាន់ៗដែលកើតមាន ឫបញ្ហាប្រឈម ដែលត្រូវដោះស្រាយបន្ទាន់។
ក្រោយពីភាក្សាលើចំណុចខាងលើឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអង្គប្រជុំ បានមានមតិផ្តាំផ្ញើទៅដល់មន្រ្តីគ្រប់រូបអោយខិតខំប្រឹងប្រែងធ្វើការងារដែលមិនទាន់សម្រេច និងការងារដែលសម្រេច ហើយអោយបានល្អប្រសើរ ស្នើសុំអោយស្នងការ ជាមួយកម្លាំងរាជអាវុធហត្ថ ចាត់វិធានការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងដាក់ចេញនូវផែនការ នៃការបំបាត់គ្រឿងញៀន និងស្នើសុំអោយមន្ទីរទេសចរណ៍រួមជាមួយស្នងការខេត្ត សូមអោយចាត់មន្រ្តីទៅត្រួតពិនិត្យទៅលើកន្លែងម៉ូតូទឹក នៅតំបន់ឆ្នេរ ដោយចាត់វិធានការដាក់គំនូសហាមឃាត់ និងធ្វើកិច្ចសន្យាដើម្បីជៀសវាងការបើកបរកំសាន្តអនាធិបតេយ្យ ជៀសវាង ការបង្កគ្រោះថ្នាក់ទៅដល់ភ្លៀវទេសចរណ៍ ដែលមកហែលទឹកកំសាន្តនៅតំបន់មាត់សមុទ្រ។ (សម្បត្តិ)

01

02

03

04

05