Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាសគ្រិនភាពកម្ពុជា ២០២៤

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាសគ្រិនភាពកម្ពុជា ២០២៤

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាសគ្រិនភាពកម្ពុជា ២០២៤ ក្រោមប្រធានបទវិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្តនិងបរិយាបន្ន ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាជីវករប្រតិបត្តិករ សិស្សនិស្សិតផងដែរ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះគឺមានសារៈសំខាន់ក្នុងការផ្តួចផ្តើមគំនិត និងអ្នកបង្កើតការងារថ្មី ដែលបានចាប់យកនូវគំនិតល្អៗសម្រាប់ដឹកនាំឱ្យមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច។ ហើយការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ពិតជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយកិច្ចការនេះអាចសម្រេចបានដោយរលូនលុះត្រាណាតែមានការសហការគ្នារវាង វិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល។ កន្លងមករដ្ឋបាលខេត្តបានផ្តល់ការគាំទ្រដល់សមាគម ក្នុងការរៀបចំកម្មវិធីសំខាន់ៗជាច្រើន ហើយសហគ្រិនវ័យក្មេង គឺជាអ្នកដែលឧស្សាហ៍ព្យាយាម ចេះច្នៃប្រឌិតពិតប្រាកដដែលអាចអភិវឌ្ឍន និងផ្លាស់ប្តូរគំនិត បង្កើតការងារ បង្កើននូវសុខុមាលភាព និងជំរុញអ្នកដទៃឱ្យក្លាយជាភ្នាក់ងារ នៃការផ្លាស់ប្តូរនិងចូលរួមចំណែកយ៉ាងច្រើនដល់ការកសាងប្រទេសជាតិ។ វត្តមានរបស់សមាគមគឺពិតជាសំខាន់ក្នុងការជួយប្រមូលផ្តុំ និងគាំទ្រសហគ្រាស ធុនតូច និងមធ្យម រួមទាំងធុរកិច្ចបង្កើតថ្មី កម្មវិធីអប់រំ និងចែករំលែកដល់យុវជនជាពិសេសកម្មវិធីពន្លកសហគ្រិន ដែលនេះសុទ្ធតែជាការចូលរួមចំណែកធ្វើឱ្យអាជីវកម្មរបស់ពួកគេ មានការអភិវឌ្ឍរីកចម្រើន ដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មប្រកបដោយការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងក្នុងសកលលោក។
លើសពីនេះទៀត យើងត្រូវតែគិតគូរ និងលើកកម្ពស់ដល់សហគ្រិនភាពរបស់ស្ត្រី ដែលជាសមាសធាតុមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសហគ្រិនភាពគ្រប់ជ្រុងជ្រោយ។ ខេត្តព្រះសីហនុ មានសក្តានុពលធនធានធម្មជាតិយ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ និងមានកំពង់ផែសមុទ្រជ្រៅជាងគេក្នុងប្រទេសកម្ពុជា។ ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍរីកចម្រើន និងកាលានុវត្តភាព នៃការវិនិយោគក្នុងស្រុក និងពីបរទេស ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” ។
ក្នុងឱកាសនោះ លោក ហុង ប៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងសាខាខេត្តព្រះសីហនុ បានលើកឡើងថា ប្រធានបទ វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន ក្នុងខេត្តព្រះសីហនុ ដ៏មានសារៈសំខាន់នេះ រដ្ឋបាលខេត្តតែងតែផ្ដល់ការគាំទ្រ ការយកចិត្តទុកដាក់ខ្ពស់ដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានយ៉ាងជោគជ័យនៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ និងមគ្គុទេសន៍វិនិយោគខេត្តព្រះសីហនុ បច្ចុប្បន្នមានសមាជិកចំនួន៤២ ដែលសុទ្ធតែជាម្ចាស់អាជីវកម្មក្នុងវិស័យជាច្រើន។ បើទោះបីជាសមាគមទើបតែបង្កើតឡើងថ្មីៗ ប៉ុន្តែសមាគមបានធ្វើការងារយ៉ាងសកម្មក្នុងការគាំទ្រសមាជិករបស់ខ្លួន ព្រមទាំងមានការសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធនានាជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីធានាបាននូវការអភិវឌ្ឍរបស់សហគ្រាសធុនមីក្រូតូច និងមធ្យម ដែលជាកត្តាយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តនិងប្រទេសកម្ពុជាផងដែរ។
លោកជឿជាក់ថា វត្តមានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជានៅខេត្តព្រះសីហនុនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចំរើនសេដ្ឋកិច្ចក្នុងខេត្តទាំងមូល ខណៈពេលដែលសហគ្រិន ទទួលបាននូវឱកាសកសាងសមត្ថភាព ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈកម្មវិធីនានារបស់សមាគម ជាពិសេសតាមរយៈមគ្គុទេសវិនិយោគប្រចាំខេត្ត និងវគ្គបណ្តុះបណ្តាលជាច្រើនទៀតដល់សហគ្រានធុនតូចនិងមធ្យមតាមតំបន់ឆ្នេរ៕