ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រី និងអាជ្ញាធរចុះពិនិត្យស្នឹមកំបោរនៅលើក្រានីត និងការរៀបចំកែលម្អសោភ័ណភាព បរិស្ថាននៅបរិវេណរង្វង់មូលព្រះថោង នាងនាគ ស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងាររៀបចំកាត់ស្មៅ ដាំផ្កា រៀបចំជាសួនច្បារ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថាននៅជុំវិញទីតាំងរង្វង់មូលព្រះថោងនាងនាគ សម្រាប់ជាការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ដូចជាអ្នកវិនិយោគមកលេងកម្សាន្ត និងថតផ្តិតរូបជាលក្ខណក្រុមគ្រួសារ ក៏ដូចជាការថតផ្តិតរូបអនុស្សាវរីយ៍ជាដើម ព្រោះនៅទីតាំងនេះ នៅរាងរាល់ចុងសប្តាហ៍ប្រជាពលរដ្ឋ និងភ្ញៀវមកលេងកម្សាន្តមានចំនួនច្រើន ហើយការរៀបចំកែលម្អសោភ័ណភាព បរិស្ថាននៅទីនេះ គឺជាការត្រៀមរៀបចំទីតាំងនេះ ដើម្បីត្រៀមទទួលភ្ញៀវក្នុងឱកាសបុណ្យអ៊ុំទូក និងបុណ្យឆ្លងឆ្នាំសកលនៅពេលខាងមុខ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការសំណេះសំណាលជាមួយភ្ញៀវទេសចរក្នុងស្រុកដែលមកលេងកម្សាន្ត និងថតរូបនៅរង្វង់មូលព្រះថោងនាងនាគ និងអរគុណភ្ញៀវទេសចរដែលបានមកលេងកម្សាន្តខេត្តព្រះសីហនុរបស់យើងខ្ញុំ ជាខេត្តតំបន់ឆ្នេរនៃភាគនីរតីនៃប្រទេសកម្ពុជា សុំឱ្យមានសុវត្ថិភាពគ្រប់គ្នា ព្រមទាំងបានជំរាបជូន ស្តីពីការងារសន្តិសុខ សុវត្ថិភាពសាធារណក្នុងខេត្តព្រះសីហនុមានលក្ខណល្អ មិនមានការភ័យក្លាច ហើយរដ្ឋបាលខេត្ត និងត្រៀមលក្ខណគ្រប់បែបយ៉ាងក្នុងការជួយសហការ និងអន្តរាគមន៍ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដើម្បីសន្តិសុខក្នុងដំណើកម្សាន្ត ស្នាក់នៅក្នុងខេត្តព្រះសីហនុប្រកបដោយផាសុកភាព៕