នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុបានសម្របសម្រួលជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) រៀបចំវេទិកា សន្ទនាក្រោមប្រធានបទ «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋនាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស) និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត។
កម្មវិធីនេះមានក្នុងគោលបំណងស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិនៅក្នុងខេត្តព្រះសីហនុ និងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិលប្រចាំខេត្ត។
លោកអភិបាលរងបានលើកឡើងថា៖នៅខេត្តព្រះសីហនុមានសមាគមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក សហគមន៍ និងសហជីព សរុបចំនួន ១៤០ ក្នុងនោះ ៖
-សមាគម-អង្គការមិនមែនរដ្ឋាភិបាល មានចំនួន ១០៣ ធ្វើសកម្មភាពលើវិស័យអប់រំ សង្គមកិច្ច មូលនិធីសប្បុរសធម៌ វប្បធម៌ ទេសចរណ៍ សង្គមកិច្ច កសិឧស្សាហកម្ម វិជ្ជាជីវៈ បរិស្ថាន សិទ្ធិមនុស្ស និងកសិកម្ម
-សហគមន៍ មានចំនួន ៣១ ធ្វើសកម្មភាពលើវិស័យនេសាទ ព្រៃឈើ ទេសចរណ៍ ធនធានទឹក និងអភិវឌ្ឍជនបទ និង
-សហជីពមូលដ្ឋាន មានចំនួន ៦ កំពុងធ្វើសកម្មភាពផ្សេងៗនៅតាមមូលដ្ឋាន។