នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយលោកស្រី Liu Yanling អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ សូមស្វាគមន៍ប្រតិភូខេត្តហៃណាន ប្រទេសចិន ដែលមកទស្សនកិច្ចទឹកដីខេត្តតំបន់ឆ្នេរ ដើម្បីពង្រឹងមិត្តភាពរវាងខេត្តព្រះសីហនុ និងខេត្តហៃណាន ព្រមទាំងបានជំរាបជូនពីសក្តានុពលខេត្ត មាន ២ក្រុង ៣ស្រុក ២៩ឃុំ សង្កាត់ និង១១១ភូមិ ប្រជាពលរដ្ឋប្រកបវិស័យកសិកម្ម ១៥.៧ភាគរយ ឧស្សាហកម្ម ៥.៥ភាគរយ សេវាកម្ម ៧៨.៨ភាគរយ ក្នុងឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុប ១.៥៧១.៦០លានដុល្លា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៦.៤ភាគរយ ចំណូលមធ្យមមនុស្សម្នាក់ ៤.៧១៨ដុល្លាអាមេរិក កាត់បន្ថយភាពក្រីក្រធ្លាក់មកត្រឹម ១.២២ភាគរយ។
លោកអភិបាលរង បានបន្តថា ខេត្តមានតោះតូចធំ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ សម្បុរដោយធនធានធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយ ខេត្តមានផ្លូវគមនាគមន៍ដូចជា កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក និងផ្លូវគោក តំបន់សេដ្ឋកិច្ចពិសេស ឆ្នេរសមុទ្រស្រស់ស្អាតត្រូវបានប្រសិទ្ធនាមជា តារារះនាទិសនារតី និងជាច្រកចេញចូលអន្តរជាតិ។ ខេត្តព្រះសីហនុត្រូវបានារាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង។ ចក្ខុវិស័យឆ្នាំ២០៣០ អភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកប ដោយចីរភាពនៅតំបន់ឆ្នេរ តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសកលលោក តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើបសុខដុមនីយកម្មជាមួយនិងបរិស្ថានរស់នៅស្អាត។
លោកអភិបាលរងបានបញ្ជាក់ថា ខេត្តព្រះសីហនុ មានរោងចក្រចំនួន ២៧០ មានទុនវិនិយោគ ២.៦៥៨លានដុល្លាអាមេរិក កម្មករ និយោជិតចំនួន ៩០.៥៧៩នាក់ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុប ១.២២៧មូលដ្ឋាន មានកម្មករ និយោជិត ៥.៤៦០នាក់ ស្រី ១.២២៦នាក់។ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវនិយោគក្នុងខេត្តព្រះសីហនុ ២០២៤ ក្នុងគោលបំណងដាក់ចេញវិធានការជាកញ្ចប់ប្រទាក់ក្រឡាមុតស្រួច និងសាមញ្ញ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចខេត្ត ក្នុងដំណាក់កាលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ជាលទ្ធផលក្រុមការងារជំរុញការវិនយោគខេត្តទទួលសំណើរសុំការលើកទឹកចិត្តចំនួន ១៤៥គម្រោង។
លោកអភិបាលរងខេត្ត ក៏បានសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីខេត្តហៃណាន នូវកម្មវិធីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អនុវត្តក្នុងឆ្នាំ២០២៤ សុំកិច្ចសហប្រតិបត្តិការគាំទ្រលើការកសាងតំបន់សាកល្បងឧស្សាហកម្ម Building Up Industrial Pilot Zone ក្រោមកិច្ចសហការត្បូងពេជ្យរវាងកម្ពុជា-ចិន ជំរុញការកសាងសមត្ថភាពអភិវឌ្ឍលើវិស័យកសិកម្ម។
លោកស្រី Liu Yanling អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណរដ្ឋបាលខេត្តបានធ្វើបទបង្ហាញពីស្ថានភាពរបស់ខេត្តព្រះសីហនុទាក់ទងវិស័យវិនិយោគ ទេសចរណ៍ ហើយគោលដៅនាពេលនេះ បន្តកិច្ចសហប្រតិប្តតិការ និងស្វែងយល់ពីសក្តានុពលមួយចំនួនខេត្តព្រះសីហនុ។ ខេត្តហៃណានជាដែនដីនៃភាគខាងត្បូងប្រទេសចិន មានកំពង់ផែ ទាក់ទងនឹងផែនការមេ ក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍ ឧស្សាហកម្មជាកិច្ចការល្អ ខេត្តទាំងពីរ មានសក្តានុពល និងភូមិសាស្ត្រស្រដៀងគ្នា យើងមានកិច្ចសហការកាន់តែច្រើនបន្ថែមទៀតរវាងទីតាំងនិមួយៗ ខេត្តទាំងពីរមានកិច្ចសហការនឹងគ្នា ហើងបានធ្វើកិច្ចការជាមួយគ្នាល់លើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ ។ល។
លោកស្រីបន្តថា ខេត្តព្រះសីហនុ និងខេត្តហៃណាន បានចុះហត្ថលេខាជាខេត្តមិត្តភាព ជំរុញតំបន់សេដ្ឋកិច្ច ខេត្តទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការ យើងមានវគ្គបណ្តុះបណ្តាលលើវិស័យកសិកម្ម ប្រសិនបើចង់បញ្ចូនមន្ត្រីទៅសិក្សានៅខេត្តហៃណាន សូមទាក់ទងនឹងស្ថានទូតចិន ឬអាចបញ្ចូនគ្រូពីខេត្តហៃណាន មកជួយបណ្តុះបណ្តាលមន្រ្តីខេត្តព្រះសីហនុ។ រដ្ឋាភិបាលចិនបានដាក់ខេត្តហៃណាន ជាតំបន់សេដ្ឋកិច្ចសេរី យើងគួរជជែកកិច្ចប្រតិបត្តិការលើអ្វីខ្លះ យើងចង់ពង្រីកច្រករបៀងសមុទ្រ និងផ្លូវគោក។
លោកស្រី ក៏ចង់ឱ្យមានការចុះ MOU រវាងកំពងផែក្រុងព្រះសីហនុ និងកំពង់ផែហៃណាន ក្នុងការផ្លាស់ប្តូរទំនិញសេរីឆ្លងតំបន់ និងការផ្លាស់ប្តូរព័ត៌មានពីគ្នា។ ព្រមទាំងបានអញ្ជើញប្រតិភូខេត្តព្រះសីហនុ ទៅទស្សនកិច្ចនៅខេត្តហៃណាន លើវិស័យកសិកម្ម។