កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុចូលរួមការតាំងពិព៍រណ៌ចិន-អាស៊ានលើកទី២១ ក្រោមមូលបទ <<ការលើកកម្ពស់មិត្តភាពស្មោះត្រង់រួមគ្នា អភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ប្រកបដោយបរិយាបន្នក្នុងក្របខណ្ឌសហប្រតិបត្តិការត្បូងពេជ្រដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន-អាស៊ាន ដើម្បីកំណើនក្នុងតំបន់>> នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ក្រោមអធិបតីភាព ឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម រង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិកអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តមលេខាធិកាបក្ស ឯកឧត្តមអភិបាលនៃតំបន់ស្វយ័តក្វាងស៊ី និងថ្នាក់ដឹកនាំនៃវិស័យឯកជនជាច្រើនរូបទៀត។
លោក មីន កុម្ភៈ អភិបាលរងខេត្តបានចូលរួមក្នុងសន្និសីទលើកកម្ពស់ទំនាក់ទំនងទីក្រុងបងប្អូនអន្តរជាតិក្វាងស៉ីឆ្នាំ២០២៤ និងតាងនាមឱ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានថ្លែងសុន្ទរកថាក្នុងសន្និសីទច្រករបៀងសេដ្ឋកិច្ចទីក្រុងណាននីង ឆ្នាំ២០២៤ និងការទំនាក់ទំនងជាមួយបណ្តាក្រុងមិត្តភាព “ខ្សែក្រវាត់ និងផ្លូវ”ដោយបានចែករំលែកទស្សនក្នុងសន្និសិទកម្ពុជា និងចិន ជាមិត្តដ៏អស្ចារ្យមានទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រដ៏យូរអង្វែង ក្លាយជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយខេត្តព្រះសីហនុ និងទីក្រុងណាននឹង មានទំនាក់ទំនងមិត្តភាពបើកចំហរក្នុងរយ:ពេល១៧ឆ្នាំ ហើយបានសិក្សាចែករំលែកព្រំដែនសេដ្ឋកិច្ច និងជួយគ្នាទៅវិញទៅមក ហើយសន្និសិទ្ធថ្ងៃនេះ មានចំណុចសំខាន់ចំនួន៣ ស្តីអំពីការអភិវឌ្ឍន៍ និងសក្តានុពលនៃការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ដោយផ្អែកលើទំនាក់ទំនងប្រវត្តិសាស្រ្តកម្ពុជា ចិន បានក្លាយជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ក្នុងការអនុវត្តគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត និងផ្លូវ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ របស់ប្រធានាធិបតីចិន ស៊ី ជីនពឹង។
ទី១.គំនិតផ្តួចផ្តើមនេះ ត្រូវបានលើកទឹកចិត្តអ្នកវិនិយោគចិន ចាប់អារម្មណ៍ពង្រីកទីផ្សារនៅកម្ពជា លើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សំណង់ ទេសចរណ៍ និងវិស័យដឹកជញ្ជូន។
២.ខេត្តព្រះសីហនុកំពុងប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង យើងកំពុងចូលរួមយ៉ាងសកម្មក្នុងការរៀបចំផែនការមេ និងផែនការសកម្មភាពសម្រាប់អនុវត្ត ដែលស្ថិតក្រោមគណ:កម្មាធិការសម្របសម្រួលអន្តរក្រសួង បែងចែកជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាល ទេសចរណ៍ សាសនា និងអនុតំបន់វប្បធម៌
៣.គោលបំណងគោលនយោបាយនេះ បានចែកក្នុងចក្ខុវិស័យ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃអាស៊ាន មជ្ឍមណ្ឌលហិរញ្ញវត្ថុ ច្រកទ្វារអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារ ដែលភ្ជាប់ទៅនឹងទីផ្សារអាស៊ាន និងអន្តរជាតិក្នុងចំណោមអ្នកវិនិយោគបរទេសអាចពិចារណាអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលរងខេត្ត ក៏បានបានជួបសំណេះសំណាលជាមួយនិស្សិតខ្មែរដែលកំពុងសិក្សានៅសាកលវិទ្យាល័យ នៃទីក្រុងណាននីង និងបានប្រគល់ថវិកាឧបត្ថម្ភរបស់ឯកឧត្តម អភិបាលខេត្តជូនដល់និស្សិតខ្មែរចំនួន ២៦រូប។ ជាចុងក្រោយលោកអភិបាលរងខេត្តក៏បានចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម នង សិនវិន អគ្គលេខាធិការបក្សទីក្រុងណាននីង មុននឹងត្រលប់មកប្រទេសវិញ។