នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការ និងមន្ត្រីកិច្ចសន្យា សាលាខេត្ត មន្រ្តីកាកបាទក្រហម និងមន្រ្តីសុខាភិបាលខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌប្រពៃណីខ្មែរ។
លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានធ្វើការកោតសរសើរចំពោះមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ដែលខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ព្រោះការងារទាំងអស់យើងមិនអាចធ្វើតែម្នាក់ឯងទទួលបានជោគជ័យនោះទេ គឺយើងត្រូវចូលរួមសហការគ្នាទៅតាមជំនាញរៀងៗខ្លួនដែលមិនអាចខ្វះបាន។ ហើយឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំការជួបជុំ និងសំណេះសំណាលជាមួយមន្ត្រីរបស់យើងក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ព្រោះកម្ពុជាមានបុណ្យជាតិជាច្រើន ក្នុងនោះមានដូចជាបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ និងបុណ្យផ្សេងៗទៀត ហើយពិធីបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌយើងតែងតែបានធ្វើការជួបជុំសំណេះសំណាលជាមួយមន្ត្រីរាជការរបស់យើង ពិសេសគឺជាការផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការរបស់ក្រោមឪវាទរបស់យើង ព្រោះយ៉ាងហោចណាស់ក្នុងមួយឆ្នាំយើងបានធ្វើការជួបជុំគ្នាបានពីរដង ដើម្បីបង្កើនភាពស្និតស្នាលរវាងមន្ត្រីរាជការសាលាខេត្ត និងថ្នាក់ដឹកនាំខេត្ត ម្យ៉ាងទៀតគឺចង់ដឹងពីសុខទុករបស់មន្ត្រីរបស់។
ក្នុងឱកាសនោះលោកអភិបាលរងខេត្ត ក៏បាននាំយកថវិការបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ឧបត្ថម្ភជូនមន្រ្តីរាជការសាលាខេត្ត មន្រ្តីកាកបាទក្រហម និងមន្រ្តីសុខាភិបាលខេត្តមួយចំនួនផងដែរ។