ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ សាលាខេត្តព្រះសីហនុ បានរៀបចំនូវ កិច្ចប្រជុំពិភាក្សា ស្តីពីករណីក្រុមហ៊ុន RIC និង GGC
ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ឯកឧត្តម ឡុង ដារ៉ា មេធាវី រដ្ឋាភិបាល ឯកឧត្តម ប្រាក់ ចាន់ធឿន អគ្គលេខាធិការ គ.ប.ប លោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ធ ២ រូបទៀតផងដែរ។
ក្រុមការងារមានភារកិច្ចដូចខាងក្រោម៖
– ដោះស្រាយ និងអន្តរាគមន៍ក្នុងករណីមានវិវាទការងារ ឬកូដកម្មបាតុកម្ម កើតឡើង ក្នុងអំឡុងពេល នៃការដោះស្រាយ ករណីនេះមិនទាន់បានបញ្ចប់ជាស្ថាពរ ។
– សហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ អ.គ.ក.ប សាលាខេត្តព្រះសីហនុ សាលាក្រុងព្រះសីហនុដើម្បីការពាររាល់សិទ្ធិ និង ផលប្រយោជន៍ ស្របច្បាប់របស់កម្មករ និយោជិត និងនិយោជកស្របតាមដែនកំណត់នៃច្បាប់ ស្ដីពីការងារ ។
– ជួយសម្របសម្រួលនាយកក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ពិសេសកម្មករ និយោជិត ដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ និងចាត់វិធានការតាមផ្លូវតុលាការសុំចេញដីកាកត់ត្រា រក្សាការពារចលនទ្រព្យ អចលនទ្រព្យ និង សម្ភារៈផ្សេងៗរបស់ក្រុមហ៊ុន ប្រកាសលក់ឡៃឡុងបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករ និយោជិត និង ចូលរួមគ្រប់នីតិវិធីរបស់តុលាការ ។
– ស្រាវជ្រាវរកនាយកក្រុមហ៊ុន ឬអ្នកទទួលខុសត្រូវចំពោះប្រាក់ឈ្នួលរបស់កម្មករនិយោជិតក្រុមហ៊ុន រ៉ូយ៉ាល់ ក្រោនថិក អ៊ីនធើណេសិនណល អ៊ីន ។
– បង្កភាពជិតស្និទ្ធ ជាមួយសហជីពមូលដ្ឋាន កម្មករនិយោជិតនៅក្រុមហ៊ុន រ៉ូយ៉ាល់ ក្រោនថិក អ៊ីនធើណេសិនណល អ៊ីន ក្នុងដំណើរការ អនុវត្តនីតិវិធីឲ្យមានតម្លាភាព ។
– ធ្វើរបាយកាណ៍លទ្ធផលជូន ប្រធានគណៈកម្មការ សម្រាប់ដោះស្រាយ បញ្ហាកូដកម្មបាតុកម្ម នៅតាមគ្រប់មុខសញ្ញា ។
– ទទួលភារកិច្ចផ្សេងទៀត ដែលប្រធានគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញាប្រគល់ជូន ។
ក្នុងអង្គប្រជុំបានសម្រេចដូចខាងក្រោម៖
១-ធ្វើការសម្របសម្រួល បន្តដោះស្រាយករណីកម្មករ និយោជិតនៃក្រុមហ៊ុនGGC ប្តឹងសុំដីការក្សាការពារក្រុមហ៊ុនRCI ។
២-ធ្វើបញ្ជីបច្ចុប្បន្នភាព ប្រាក់ឈ្នួលចុងក្រោយ និងប្រាក់ផ្តាច់កិច្ចសន្យាការងារ របស់កម្មករ និយោជិតនៃក្រុមហ៊ុនទាំង២ ។
៣-ធ្វើបញ្ជីសារពើភ័ណ ទ្រព្យសម្បត្តិ ក្រុុមហ៊ុនទាំងពីរ
៤-ធ្វើការសម្របសម្រួល ក្រុមហ៊ុនទាំងពីរ ឲ្យមានអ្នកតំណាងស្របច្បាប់ ដើម្បីអនុវត្តតាម ស.ជ.ណ លេខ ៥៥០ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាល។
៥-សម្របសម្រួល ជាមួយសហជីពមូលដ្ឋាន ក្រុមហ៊ុនទាំងពីរ ដើម្បីបញ្ជៀសកុំឲ្យមានកូដកម្ម បាតុកម្ម ឬបំផុសញុះញង់ និងមាន ការអូសទាញ កម្មករ និយោជិតក្រុមហ៊ុនទាំង២ ធ្វើសកម្មភាពខុសច្បាប់។
៦-ស្ថាប័នជំនាញមន្ទីរជំនាញ ដែលពាក់ព័ន្ធ ក្នុងការដោះស្រាយករណីក្រុមហ៊ុន RCI និងក្រុមហ៊ុនGGC ត្រូវខិតខំសម្របសម្រួល ឱ្យដំណើរការដោះស្រាយ បញ្ហាប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផេ្សងៗ របស់កម្មករ និយោជិត ក្រុមហ៊ុនទាំង២ឱ្យបានរលូន និងឆាប់រហ័ស។ កិច្ចប្រជុំបានចប់សព្វគ្រប់នៅវេលាម៉ោងដប់ពីរ និងសូន្យនាទី នាថ្ងៃខែឆ្នាំដដែលប្រកបដោយបរិយាកាស រីករាយ និងស្និទ្ធស្នាលបំផុត៕ KSB
រូបភាព