ព្រឹកថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងទីទ័លក្រចំនួន ៤៩២គ្រួសារ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត លោកឧកញ៉ា អាជ្ញាធរដែនដី មន្ត្រីសាខា អនុសាខា អ្នកស្មគ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាល ព្រមទាំងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសក្នុងក្របខ័ណខេត្តព្រះសីហនុ សម្តេចបានណែនាំឱ្យសាខាយកចិត្តទុកដាក់អំពីសុខទុក និងការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្តម ប្រធានស្តីទីគណៈកម្មាធិការសាខា បានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា ក្នុងការដឹកជញ្ជូនតាមផ្លូវទឹករ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៩ កំពង់ផែក្រុងព្រះសីហនុ អភិវឌ្ឍមានជំរៅទឹក ១៧,៥០ម៉ែត្រ នាវាដែលមានទំងន់ផ្ទុក ១៦ម៉ឺនតោនចូលចតបាន ហើយនាវាដែលធ្វើចរាចរណ៍នៅលើពិភពលោកអាចចូលចតបាន ហើយអាចផ្ទេរទំនិញមួយចំនួនតាមនាវាឆ្លងកាត់ព្រែកជីកហ្វូណនតេជោទៅកាន់រាជធានី ខេត្តនៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យវិស័យដឹកជញ្ជូនតាមផ្លូវទឺកកាន់តែមានភាពងាយស្រួល។
ឯកឧត្តម ប្រធានស្តីទីគណៈកម្មាធិការសាខា បានបន្តទៀតថា តំបន់អភិវឌ្ឍត្រីកោណ CLV (DTA) នៃខេត្តជាប់ព្រំដែនភូមិភាគឥសាន្តមានខេត្តចំនួន៤ ក្នុងនោះខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ដែលជាព្រំដែនកម្ពុជា ឡាវ និងវៀតណាម ដើម្បីតភ្ជាប់គ្នាក្នុងការដឹកជញ្ជូនសម្រួលចរាចរណ៍ទំនិញចេញចូល គម្រោងអភិវឌ្ឍត្រីកោណ CLV (DTA) ក៏មានការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជួយកសាងហេដ្ឋារចនាសម្ព័ន្ធនានាមានដូចជា ផ្លូវ មណ្ឌលសុខភាព សាលារៀន ទឹក ភ្លើងជាដើម ទន្ទឹមនោះ ក៏មានធនាគារអភិវឌ្ឍអាស៊ី ក៏បានចូលរួមឧបត្ថម្ភគម្រោង CLV (DTA)។ គម្រោងអភិវឌ្ឍត្រីកោណ ត្រូវបានប្រជាពលរដ្ឋគាំទ្រ ព្រមទាំងបានបរិច្ចាកថវិកាចូលរួមមូលនិធិ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែននេះផងដែរ ហើយរាជរដ្ឋាភិបាលក៏បានបើកឱកាសឱ្យប្រជាពលរដ្ឋ និងយុវជនអាចទៅលេងកម្សាន្តតំបន់អភិវឌ្ឍត្រីកោណ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ រាល់បន្ទុកចំណាយជារបស់រាជរដ្ឋា ភិបាល។ ទន្ទឹមនោះ សម្តេចធិបតី បានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ ប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទីមួយ ដោយផ្តោតសំខាន់ទៅលើវិស័យចំនួន៥ ក្នុងនោះមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលទាមទារឱ្យប្រជាពលរដ្ឋរបស់យើងមានចំណេះជំនាញច្បាស់លាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសកាន់តែមានការរីកចម្រើន ដូច្នេះវិស័យអប់រំ ក៏ជាកត្តាសំខាន់ផងដែរ សូមពុកម៉ែ ពូមីង ត្រូវខិតខំបញ្ជូនកូនចៅ ទៅសាលារៀនឱ្យបានគ្រប់គ្នា។
ឯកឧត្តម ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានបញ្ចាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំព៌ារសង្គម និងប្រាក់សោធន៍និវត្តសម្រាប់និយោជិត កម្មករ កម្មការរីនីនៅទូទាំងប្រទេស ពិសេសគោលនយោបាយគាំពារ៌សង្គមចំពោះស្ត្រីដែលមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះ រហូតកុមារមានអាយុពីរឆ្នាំ ដោយមិនបង់ថ្លែ នៅពេលទៅជួបក្រុមគ្រូពេទ្យម្តងទទួលបានថវិកា ៤ម៉ឺនរៀល រហូតដល់កុមារអាយុពីរឆ្នាំ ទទួលបានថវិកា ១ ៥៦០ ០០០ម៉ឺនរៀល នេះជាគោលនយោបាយរបស់រាជ រដ្ឋាភិបាលក្នុងការជួយសម្រួលទុកលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងទីទ័ល ក្រ ស្រុកកំពង់សិលាចំនួន ៤៩២គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ឃីត១កញ្ចប់ (សារុង១ ក្រមា១ ភួយ១ មុង១) កន្ទេល១ និងថវិកា ៥ម៉ឺនរៀល។