រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនាផ្លូវបេតុង ចំនួន៣ខ្សែ ស្ថិតនៅឃុំចំនួន៣ មានឃុំព្រៃនប់ ឃុំអណ្តូងថ្ម និងឃុំសំរុង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវទាំង៣ខ្សែក្នុងឃុំទាំង៣ បានអបអរសាទរ សប្បាយរីករាយ និងថ្លែងអំណរគុណដល់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងក្រុមការងារ ដែលបានសាងសង់ផ្លូវបេតុងជូនដល់មូលដ្ឋានពួកគាត់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលកាន់តែមានភាពងាយស្រួលក៏ដូចជាជួយដល់ជីវភាពរបស់ពួកគាត់ធូរធារជាងមុន។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវទាំង៣ខ្សែខាងលើ និងបានផ្តាំផ្ញើដល់បងប្អូនត្រូវចូលរួមថែរក្សា ព្រោះផ្លូវបេតុងនេះជាទ្រព្យសម្បត្តិសាធារណៈរបស់បងប្អូនដើម្បីប្រើប្រាស់បានយូរអង្វែង។