នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដោយមានការចូលរួមពីគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទ មេឃុំ ចៅសង្កាត់ និងមេបុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង២៩នៃខេត្តព្រះសីហនុ។
លោក ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលការងារសំខាន់ៗដែលសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ សម្រេចបានកន្លងមកក្នុងការធ្វើសកម្មភាពបម្រើជូនអតីតយុទ្ធជនដូចជា ការដោះស្រាយការលំបាក ការរៀបចំភូមិសន្តិភាពអតីតយុទ្ធជន ការបើក ប្រាក់បេឡាមរណសង្រ្គោះ ការសាងសង់ផ្ទះ និងការចុះសាកសួរសុខទុក្ខអតីតយុទ្ធជនជាដើម។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ប្រធាន និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់ទំនុកចិត្តតែងតាំងឯកឧត្តម ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ ដើម្បីទទួលខុសត្រូវលើបងប្អូនអតីតយុទ្ធជនខេត្តព្រះសីហនុ ដែលសុទ្ធសឹងជាជនដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ ឯកឧត្តម ប្រធានកិត្តិយស ក៏បានប្តេជ្ញាជម្រុញផ្តល់អត្ថប្រយោជន៍នានា និងលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជនឱ្យកាន់តែមានភាពប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ប្រធានសមាគម និងសម្តេចធិបតី អនុប្រធានទី១ រួមនឹងថ្លែងអំណរគុណចំពោះមន្រ្តីថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលបានប្រឹងប្រែងបម្រើបងប្អូនអតីតយុទ្ធជនរបស់យើង។
ក្នុងឱកាសនោះឯកឧត្តម កិត្តិសង្គហបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ សម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេស ការខិតខំរៀបចំដីធ្លី សាងសង់ផ្ទះជូនអតីតយុទ្ធជន និងការឈូសឆាយដីសម្រាប់សាងសង់ទីស្នាក់ការសមាគមខេត្ត និងការបើកប្រាក់បេឡាមរណសង្រ្គោះជូនដល់គ្រួសារអតីតយុទ្ធជន។
ជាមួយគ្នានេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានណែនាំ និងប្រគល់ភារកិច្ចសំខាន់ៗជូនសមាគមអតីតយុទ្ធជនថ្នាក់ខេត្ត ស្រុក និងសាខាឃុំ ដោយត្រូវបន្តពិនិត្យឱ្យបានហ្មត់ចត់ចំពោះបងប្អូនអតីតយុទ្ធជនដែលបានដាក់ពាក្យស្នើសុំដីសម្បទាសង្គមកិច្ច ផ្ទះ ដែលនឹងទទួលដី និងផ្ទះនៅលើដីសម្បទានសង្គមកិច្ច ត្រូវជម្រុញឱ្យពួកគាត់ទៅរស់នៅ និងបង្ករបង្កើនផល បន្តរៀបចំដីធ្លីសម្រាប់បង្ករបង្កើនផល រៀបចំប្លង់មេអភិវឌ្ឍន៍ភូមិ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ជម្រុញឱ្យមានសម្ព័ន្ធមេត្រីភាពចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច បន្តខិតខំដោះស្រាយការលំបាក និងខ្វះខាតចំពោះអតីតយុទ្ធជន និងលើកទឹកចិត្តផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជនដែលកំពុងជួបការលំបាក ការលើកកម្ពស់ជីវភាព និងការពង្រឹងធ្លុងសាមគ្គីក្នុងជួរអតីតយុទ្ធជនរួមចំណែកក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ៕