Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន

ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅរូបសំណាកនាគកងកេង ព្រះថោងនាងនាគ បដិមាព្រះឧមាមហេសូ ខ្មែរធ្វើបាន ស្ថិតនៅស្រុកព្រៃនប់ និងរង្វង់តោពីរ រូបសំណាកព្រះស្កន្ទគង់លើក្ងោក សីហរាជមុខបី ស្ថិតនៅក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំឯកឧត្តម លោកជំទាវ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រៀបចំនូវគ្រឿងតង្វាយមានដូចជា បាយសី ស្លាធម៌ បារី ម្លូស្លា ផលានុផលគ្រប់មុខលំដាប់លំដោយ និងភេសជ្ជៈ និងមានការប្រគុំភ្លេងពិនពាធថ្វាយផងដែរ ទន្ទឹមនោះឯកឧត្តម ក៏បានអុជទៀនធូប ភ្លឺព្រោងព្រាត ស្អាងស្អាត ដើម្បីបូជាថ្វាយចំពោះទេវតា ទេព្វធិតា ស្តេចចតុលោកបាលទាំង៤ ទស្សបរមី និងវត្ថុស័ក្កសិទ្ធគ្រប់ៗព្រះអង្គ អ្នកទេព្វារក្ស អ្នកតាម្ចាស់ស្រុកគ្រប់ៗរូប ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យ សេរីមង្គល និងសុំសេចក្តីសុខចម្រើនជូនដល់ប្រជាពលរដ្ឋ ព្រមទាំងការអភិវឌ្ឍរបស់ខេត្ត នាទិសនារតី នៃព្រះរាជាណាចក្រកម្ពុជា។
សូមទេវតា ទេព្វធីតា ទស្សបរមី និងវត្ថុស័ក្កសិទ្ធគ្រប់ៗព្រះអង្គ អញ្ជើញទទួលនូវគ្រឿងសក្ការបូជាទាំងអម្បាលនេះ ហើយក៏សូមថែរក្សាលោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងបងប្អូនពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ បានសមប្រកបនូវឬទ្ធីបារមីពេញបរិបូរណ៌ ចម្រើននូវព្រះពុទ្ធមង្គលពរ ៤ប្រកា គឺអាយុ វណ្ណៈ សុខៈ ពលៈ និងសេចក្តីសុខ សេចក្តីចម្រើន បវរមង្គល វិបុលសុខ មហាប្រសើរក្សេមក្សាន្ត សុខដុមរមនា ត្រជាក់ត្រជុំ។