Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ចំនួន១ ០០១នាក់

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ចំនួន១ ០០១នាក់

នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ចំនួន១ ០០១នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព និងលោកគ្រូ អ្នកគ្រូទូទាំងខេត្ត។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ពិធីបំពាក់គ្រឿងឥសរិយយសជូនបុគ្គលិកអប់រំខេត្តព្រះសីហនុ ចំនួន ១.០០១នាក់ ក្នុងនោះមេដាយមាសចំនួន ១៨៨ គ្រឿង មេដាយប្រាក់ចំនួន ៣១២គ្រឿង និងមេដាយសំរឹទ្ធចំនួន ៥០១គ្រឿង ទន្ទឹមនឹងការបំពាក់គ្រឿងឥសរិយយសឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំបុគ្គលិកសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា លោកគ្រូ អ្នកគ្រូគ្រឹះស្ថានសាធារណៈ និងឯកជនដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំបណ្តុះបណ្តាលធនធានមនុស្សនៅខេត្តព្រះសីហនុ ដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលបំណងអប់រំឱ្យមានចំណេះដឹង លក្ខណៈសម្បត្តិល្អ សីលធម៌ល្អ ក្លាយជាយុវជនដែលមានទំនួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ ស្ម័គ្រចិត្តជួយការងារសាលារៀន ធ្វើសកម្មភាពសម្អាតបរិស្ថាន សម្រួលចរាចរណ៍ និងការងារស្ម័គ្រចិត្ត ព្រមទាំងចូលរួមការងារសង្គមជាមួយអាជ្ញាធរមូលដ្ឋានរហូតទទួលបាននូវការគោរពស្រឡាញ់ និងមានការស្ញប់ ស្ញែងយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន។ ជាពិសេសបានចូលរួមសហការយ៉ាងសកម្មជា មួយរដ្ឋបាលខេត្ត ដោយមិនខ្លាចនឿយហត់មិនគិតយប់ថ្ងៃ ឆ្លងកាត់ព្យុះភ្លៀង ប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបានលទ្ធផលគួរជាទីមោទក។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍អបអរសាទរបុគ្គលិកសិក្សាខេត្ត្តព្រះសីហនុ ដែលបានបំពាក់គ្រឿងឥស្សរិយយសការងារប្រកបដោយស្មារតី មនសិក្ខាទទួលខុសត្រូវ ទន្ទឹមនោះឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអបអរសាទសមិទ្ធផលរបស់ខេត្តព្រះសីហនុសម្រេចបាន ៣០មកនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានដាក់ ចេញនូវគោលនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមនូវកម្ពុជា ធ្វើឪ្យខេត្តជាប់តំបន់ឆ្នេរមានការអភិវឌ្ឍរីកចម្រើន រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមពោលសេដ្ឋកិច្ចទាំង៣ មានដូចជា ភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា សម្តេចតេជោបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍ នៅតាមខ្សែបន្ទាប់ព្រំដែន ក្នុងនោះមានស្ពានតភ្ជាប់មកកាន់រាជធានី ខេត្ត ទន្ទឹមនោះសម្តេចក៏បានកសាងផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែនផងដែរ។ ការបើកការដ្ឋានព្រែកជីកហ្វូណននាពេលខាងមុខនេះ ធានាបាននូវសេដ្ឋកិច្ច សម្រួលដល់ការដឹកជញ្ជូនផ្លូវទឹកខេត្តតំបន់ ឆ្នេរ។ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកំណត់ រៀបចំផែនការមេរយៈពេលមធ្យម និងវែង ក្នុងការអភិវឌ្ឍលើវិស័យទេសចរណ៍ សង្គមកិច្ច សេដ្ឋកិច្ចដំណាក់ថ្មីមួយទៀត ដើម្បីសម្រេចចក្ខុវិស័យនេះសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា បង្កើនបច្ចេកវិទ្យាក្នុងវិស័យអប់រំឌីជីថលមានដូចជា ព្រលានយន្តហោះ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ សេដ្ឋកិច្ចសង្គម ទាក់ទាញអ្នកវិនិយោគ ភ្ញៀវទេសចរ នេះជាតំណាក់កាលថ្មីមួយអាចស្រមៃថា ៣០ឆ្នាំខាងមុខទៀត ខេត្តព្រះសីហនុ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ទីក្រុងវ័យឆ្លាតប្រើប្រាស់បច្ចេកវិទ្យា។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានចក្ខុវិស័យបន្តគោលនយោបាយអភិវឌ្ឍកម្ពុជា នាំកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០ សម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយមុំទី១ គឺអភិវឌ្ឍនូវមូលធនមនុស្សលើកកម្ពស់គុណភាពអប់រំ បន្តធ្វើកំណែទម្រង់សាលារៀន លើកកម្ពស់ការសិក្សាផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការលើកកម្ពស់សិក្សាប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ។ ទន្ទឹមនោះក្រសួងអប់រំបន្តធ្វើកំណែទម្រង់វិស័យអប់រំមានដូចជា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការលើកស្ទួយតួនាទី កិត្តិយសគ្រូបង្រៀនតាមរយៈការតំឡើងប្រាក់បៀវត្ស ការកែលម្អលក្ខខណ្ឌការបង្រៀន ការទាក់ទាញសិស្សរៀនពូកែចូលធ្វើគ្រូជាដើម៕